ភ្នំពេញ ៖ រដ្ឋលេខាធិការ ក្រសួងយុត្តិធម៌លោក គឹម សន្តិភាព នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥ បានបង្ហោះពី “ដើមឈើពិឃាដ” តាមរយៈដកស្រង់ពី (ស្រាវជ្រាវដោយ៖ សច្ចធម៌ប្រវត្តិសាស្រ្ត) ដោយមានន័យទាំងស្រុងថា ៖ ដើមចាន់គិរី ដែលស្ថិតនៅខាងកើតស្តូបក្នុងមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក ជាកន្លែងសោកនាដកម្មប្រវត្តិសាស្រ្តដែលមនុស្សគ្រប់គ្នាទៅទស្សនាហើយ គឺចងចាំមិនអាចបំភ្លេចបាននូវអំពើយ៉ាងព្រៃផ្សៃរបស់ពួកខ្មែរក្រហមក្នុងរបបកម្ពុជាប្រជាធិបតេយ្យ (ឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩) ទៅលើ ទារក និងកុមារ។ បើយោងតាមសក្ខីកម្មរបស់អ្នករស់រានមានជីវិតបានឱ្យដឹងថាដើមឈើនេះ ត្រូវបានគេស្គាល់ថាជា “ដើមឈើពិឃាដ” ដែលពួកពេជ្ឈឃាដប្រើដើម្បីសម្លាប់ទារក និងកុមារ ក្រោមរូបភាពដូចជា ការយកកុមារទៅវាយ ឬបោកក្បាល ទៅនឹងដើមចាន់គិរីរួចទើបទម្លាក់ចូលទៅក្នុងរណ្តៅជាមួយសាកសពស្រ្តី ឬម្តាយ។ ដើមឈើនេះ បានក្លាយជាកន្លែងតំណាងឱ្យអំពើហិង្សា និងអំពើអមនុស្សធម៌របស់ពួកខ្មែរក្រហម ចំពោះទារក និងកុមារ។
បច្ចុប្បន្នដើមចាន់គិរី គេឃើញមានខ្សែដៃចម្រុះពណ៌ជាច្រើនដែលអ្នកទស្សនាមកពីជុំវិញពិភពលោកបានបន្សល់ទុកនៅទីនោះ ដោយអារម្មណ៍សោកសៅ សេចក្តីឈឺចាប់ និងដើម្បីជាការឧទ្ទិសវត្ថុទាំងអស់នោះទៅឱ្យជនរងគ្រោះដែលបាត់បង់ជីវិតផងដែរ។ នេះជាការចងចាំដ៏ក្រៀមក្រំមួយសម្រាប់ប្រទេសកម្ពុជា ដែលកើតឡើងចំពោះកុមារទាំងអស់ ដោយភាពអមនុស្សធម៌នៃរបបប្រល័យពូជសាសន៍ខ្មែរក្រហម ៕
ស្រាវជ្រាវដោយ៖ សច្ចធម៌ប្រវត្តិសាស្រ្ត