លៀស២៣០ការ៉ុង ត្រូវបានសមត្ថកិច្ចចាក់ចូលក្នុងទឹកបឹងទន្លេសាបវិញ នៅគ្រា​ក្រុម​ឈ្មួញ​យកមកប្លុងចោលនៅមាត់ទឹក

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ យ៉ាងហោច​ណាស់លៀសកន្លះៗការ៉ុងប្រមាណ២៣០កំណាត់ការ៉ុង ត្រូវបាន​សមត្ថកិច្ច​សហការ​គ្នា​ដឹកយកទៅចាក់​ចូលទឹកបឹងទន្លេសាបវិញ នៅគ្រា​ដែលគេ​សង្ស័យ​ថាក្រុម​ឈ្មួញ​ដឹកជញ្ជូន​យកមកដាក់នៅមាត់ទឹក ដើម្បី​ត្រៀមលើកឡើងរថយន្តទៅរកទីផ្សា​រ។ នេះបើតាមការបញ្ជាក់ពីមន្រ្តីជំនាញរដ្ឋបាលជលផល កាលពី​ល្ងាច​ម្សិលមិញ ថ្ងៃ​ចន្ទ ១១រោច ខែអាសាឍ ឆ្នាំ​ម្សាញ់ សប្គស័ក ព.ស. ២៥៦៩ ត្រូវ​នឹង​ថ្ងៃ​ទី​២១ ខែកក្កដា ឆ្នាំ​២០២៥ ។​

សេចក្ដី​រាយការណ៍​ឱ្យដឹង​ទៀត​ថា ករណី​កម្លាំង​សហការ​គ្នាចុះពិនិត្យ ទប់ស្កាត់និងបង្រ្កាបបទល្មើសធនធានជលផលខាងលើ គឺនៅចំណុចមាត់ទឹកបឹងទន្លេសាប  (កំពង់ឃ្នៀស)ស្ថិតនៅភូមិកំពង់លើ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។​

ប្រភព​ដដែល​បញ្ជាក់​ទៀត​ថា លៀសចំនួន២៣០កំណាត់ការ៉ុង​នេះ ទំនងអាចក្រុមឈ្មួញលួចធ្វើនេសាទនៅបឹងទន្លេសាប រួច​ដឹកជញ្ជូន​តាម​រយៈ​កាណូត​យកមកទុកដើម្បី​បម្រុងលើកឡើងរថយន្តដឹកទៅទីផ្សារ ប៉ុន្តែ​ត្រូវបានកម្លាំងសហការប្រទះឃើញធ្វើការទប់ស្កាត់ និងបង្រ្កាប។ បច្ចុប្បន្ន វត្ថុ​តាង​(លៀស)សមត្ថកិច្ចបានមូលមត្តិគ្នាសម្រេចដឹកជញ្ជូន​យកទៅចាក់ចូលទឹកបឹងធម្មជាតិ(បឹងទន្លេសាប)វិញ ។​

ដោយឡែក បើយោង​តាម​ការ​លើកឡើងពីមជ្ឈដ្ឋាននានា ចុងក្រោយ​ថ្មីៗនេះ គេឃើញ​សមត្ថកិច្ច​សហការទប់ស្កាត់ និងបង្រ្កាបបទល្មើសធនធានធម្មជាតិ​(ជលផល)២ករណីហើយ(ខ្ចៅ និងលៀស)នេះឯង ដែលហាក់បីដូចជា​ចង់យឺតពេលបន្តិច ព្រោះខ្ចៅ និងលៀសដែលត្រូវបង្រ្កាបនេះ វាអាច​ងាប់ភាគច្រើនបាត់ទៅហើយ ខណៈ​បច្ចុប្បន្ន​សមត្ថកិច្ច​ជំនាញ​ពាក់​ព័ន្ធ​ច្រើន​ស្អេកស្កះនៅបឹងទន្លេសាប គួរណាស់​ធ្វើការបង្រ្កាប​នៅគ្រា​ដែលកំពុង​នេសាទ​ជាក់ស្ដែង ព្រោះការ​នេសាទ​ដោយប្រើប្រាស់ឧបករណ៍ អូសដោយកម្លាំងម៉ាស៊ីនគ្មានលិខិតអនុញាតនេះ បង្កការប៉ះពាល់ដល់ធនធានជលផលធ្ងន់ធ្ងរ ជាពិសេសសមត្ថកិច្ច​ពុំដែល​ឃើញអនុវត្តលើក្រុមឈ្មួញខ្ចៅនិងលៀសនេះនោះទេ ម្យ៉ាងទៀត រដូវ​នេះជា​រដូវ​បិទនេសាទ​ថែម​ទៀត  ៕

...

ដោយៈ ប៉ឹម ពិន​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print