ខេត្តកណ្តាល ៖ អនុសាសន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ៥ចំណុចសំខាន់ៗ ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ មជ្ឈមណ្ឌលផ្កាឈូក អង្គភាពការពារកុមារ នៃអង្គការមូលនិធិកុមារកម្ពុជា នាខេត្តកណ្តាល ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥ អនុសាសន៍របស់សម្តេចមហាបវរធិបតីយ៉ាងដូច្នេះថា ៖
១. ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ និងក្រសួង-ស្ថាប័នពាក់ព័ន្ធ ត្រូវបន្តសិក្សាស្រាវជ្រាវ ដើម្បីអភិវឌ្ឍច្បាប់ និង លិខិតបទដ្ឋានគតិយុត្តិ ពាក់ព័ន្ធនឹងកិច្ចការពារកុមារ ឱ្យបាន គ្រប់ជ្រុងជ្រោយនិងឆ្លើយតបទៅនឹងការវិវត្តយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យា។ ទន្ទឹមនេះ ត្រូវធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយ ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ, សំដៅពង្រឹងការអនុវត្តប្រកបដោយសហថាមពលព្រមគ្នា និង មានសង្គតិភាពជាមួយ គ្នា ស្របតាមអភិក្រម “ជវភាពនៃប្រព័ន្ធតួអង្គតែមួយ” “។
២. ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ ត្រូវបន្តសហការ ជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ជំរុញការរៀបចំ និង ការអនុវត្តប្រព័ន្ធកិច្ចការពារកុមារ ឱ្យមានលក្ខណៈប្រទាក់ក្រឡា ជាពហុវិស័យ ទៅតាមប្រភេទកិច្ចការពារនីមួយៗ នៅគ្រប់រចនាសម្ព័ន្ធពាក់ព័ន្ធនឹង កុមារ តាមរយៈការកំណត់នូវអាទិភាព នៃកិច្ចការពារតាមលក្ខណៈភូមិសាស្ត្រ ការ កំណត់នូវអាទិភាពនៃកិច្ចការពារតាមវ័យ ភេទ និង ក្រុមគោលដៅ,និង ការកំណត់នូវ អ្នកទទួលខុសត្រូវនាំមុខ និង អ្នកទទួលខុសត្រូវពាក់ព័ន្ធ ឱ្យមានលក្ខណៈជាប្រព័ន្ធ ។
៣. ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ ត្រូវបន្តសហការ ជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ជំរុញការកសាងធនធានមនុស្ស ទាំងផ្នែកសមត្ថភាពក្នុងការអនុវត្តច្បាប់ និងទាំងចំនួន នៅគ្រប់រចនាសម្ព័ន្ធពាក់ព័ន្ធសម្រាប់កិច្ចការពារកុមារ ជាពិសេសនៅតាមឃុំ សង្កាត់និងភូមិ តាមរយៈការអប់រំ ការបណ្តុះបណ្តាល ការផ្សព្វផ្សាយ និង ការកៀរគរធនធាន ពីគ្រប់ប្រភពសម្រាប់គាំទ្រដល់សកម្មភាពខាងលើ និង ទ្រទ្រង់ជីវភាពសកម្មជន ។
៤. ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ ត្រូវបន្តសហការ ជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ លើកកម្ពស់ការយល់ដឹង និង ការផ្លាស់ប្តូរឥរិយាបថសង្គម ក្នុងការប្រព្រឹត្តបែបវិជ្ជមាន ចំពោះកុមារនៅគ្រប់ទីកន្លែង តាមរយៈ ការលើកកម្ពស់ការយល់ដឹងរបស់ប្រជាជន ទូទៅ និងក្រុមគោលដៅអំពីការទប់ស្កាត់ភាពងាយរងគ្រោះរបស់កុមារ និងវិធីសាស្ត្រ សម្រាប់ដោះស្រាយ និង ទប់ស្កាត់ ប្រកបដោយប្រសិទ្ធភាព ។
៥. ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ និង ក្រសួង-ស្ថាប័នពាក់ព័ន្ធ ត្រូវបន្តរួមគ្នាផ្តល់ កិច្ចការពារកុមារ ឱ្យសមស្របតាមស្ថានភាពជាក់ស្តែង តាមរយៈការកាត់បន្ថយបញ្ហា ប្រឈមជាអាទិភាពរបស់កុមារ ដូចជា ការធ្វើពលកម្មធ្ងន់ធ្ងរ ចំណាកស្រុក គ្រឿងញៀន ភាពអនាថា ពិការភាព អំពើហិង្សា ការជួញដូរ និងទំនាស់ និង ការអនុវត្ត កិច្ចការពារជាប្រព័ន្ធ ៕
ដោយ ៖ សិលា