ភ្នំពេញ ៖ ព្រឹកនេះ ! លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាអនុប្រធានប្រចាំការនៃ គណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា (គ.វ.រ.) ដឹកនាំកិច្ចប្រជុំលេខាធិការដ្ឋាន គ.វ.រ. នៅគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ (គ.ក.ស.) ដោយមានការអញ្ជើញចូលរួមពី លោក លោកស្រីជារដ្ឋមន្ត្រី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី លោក លោកស្រី តំណាងក្រសួង ស្ថាប័នទាំង៣១ តំណាងការដ្ឋានកែទម្រង់ទាំង៥ របស់រាជរដ្ឋាភិបាល រដ្ឋបាលរាជធានី ខេត្ត ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីបច្ចេកទេស សរុបប្រមាណ២០០ រូប។
កិច្ចប្រជុំលេខាធិការដ្ឋានគ.វ.រ. លើកទី៧ នេះ ជាកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួង ស្ថាប័នចំនួន១០ រួមមាន៖ (១)ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ (២)ក្រសួងព័ត៌មាន (៣)ក្រសួងសុខាភិបាល (៤)ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (៥)ក្រសួងបរិស្ថាន (៦)ក្រសួងពាណិជ្ជកម្ម (៧) ក្រសួងអភិវឌ្ឍន៍ជនបទ (៨)ក្រសួងកិច្ចការនារី (៩)ក្រសួងរ៉ែ និងថាមពល និង (១០)អគ្គលេខាធិការដ្ឋានគណៈកម្មាធិការសហប្រតិបត្តិការអភិវឌ្ឍន៍កម្ពុជា គណៈកម្មាធិការវិនិយោគកម្ពុជា និងអង្គភាពសវនកម្មផ្ទៃក្នុង នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
មានប្រសាសន៍បើកកិច្ចប្រជុំ ក្នុងនាមអនុប្រធានប្រចាំការ និងប្រធានលេខាធិការដ្ឋាននៃគ.វ.រ. លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានរំលឹកពីសមិទ្ធផលដែលចូលរួមលើកកម្ពស់ការកែទម្រង់រដ្ឋបាលសាធារណៈ ដែលលេខាធិការដ្ឋានសម្រេចបានតាមរយៈកិច្ចប្រជុំ ៦ដងកន្លងមក។ ទន្ទឹមនោះ លោកឧបនាយករដ្ឋមន្ត្រីបានបញ្ជាក់បន្ថែមថា “សេចក្តីព្រាងអនុក្រឹត្យទាំង១០ ដែលនឹងពិភាក្សានាព្រឹកនេះ បានឆ្លងកាត់ពិភាក្សាយ៉ាងហ្មត់ចត់ ការប្រមូលធាតុចូល និងមតិយោបល់ជាច្រើនលើក ទាំងក្នុងកម្រិតបច្ចេកទេស និងកម្រិតអន្តរក្រសួង ដែលមានការចូលរួមពីគ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធ និងការដ្ឋានកែទម្រង់ទាំង៥ របស់រាជរដ្ឋាភិបាល ដើម្បីធានាឱ្យការរៀបចំមុខងារ និងរចនាសម្ព័ន្ធក្រសួង ស្ថាប័ន មានភាពច្បាស់លាស់ មានសង្គតិភាព និងមានប្រសិទ្ធភាពខ្ពស់ ស្របតាមអភិក្រមរបស់ប្រមុខរាជរដ្ឋាភិបាល «ពង្រឹង ជាជាងពង្រីក» និង«រៀបចំផ្ទះឱ្យរៀបរយ» ព្រមទាំងមានភាពប្រទាក់ក្រឡាគ្នាក្នុង «ជវភាពនៃប្រព័ន្ធតួអង្គតែមួយ»។”
សូមជម្រាបថា កិច្ចប្រជុំនាព្រឹកនេះ នឹងពិនិត្យ ពិភាក្សា លើសេចក្តីព្រាងអនុក្រឹត្យទាំង១០ ម្តងមួយៗ ដើម្បីធានាដល់ការចូលរួមមតិយោបល់ពីគ្រប់ភាគីពាក់ព័ន្ធ និងធានាដល់ការរៀបចំលិខិតបទដ្ឋានគតិយុត្តទាំងនេះមានខ្លឹមសារគ្របដណ្តប់គ្រប់ជ្រុងជ្រោយ ស្របតាមអភិក្រមរបស់ក្រសួងមុខងារសាធារណៈគឺ «ពិគ្រោះយោបល់ឱ្យបានច្រើន ហើយស្តាប់មតិយោបល់ពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់»៕
ដោយ ៖ សិលា