ក្រសួងមុខងារសាធារណៈ ពង្រឹងការងារចូលនិវត្តន៍របស់មន្ត្រីរាជការស៊ីវិល និងជម្រុញការបើកប្រាក់សោធនឱ្យបានឆាប់ដល់និវត្តជនថ្មីៗ

ចែករំលែក៖

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥ ក្រសួងមុខងារសាធារណៈ បានបញ្ជាក់ថា ៖ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥ ក្រុមការងារបច្ចេកទេសក្រសួងមុខងារសាធារណៈ ដឹកនាំដោយ លោក ពេជ្រ វិជ្ជាគន្ធី អគ្គនាយកនៃអគ្គនាយកដ្ឋានគ្រប់គ្រងមុខងារសាធារណៈ បានរៀបចំកិច្ចប្រជុំចែករំលែកស្តីពីការពង្រឹងនីតិវិធីនៃការដំឡើងឋានន្តរស័ក្តិ និងថ្នាក់មុនចូលនិវត្តន៍ និងពង្រឹងនីតិវិធីនៃការដាក់មន្រ្តីរាជការស៊ីវិលឱ្យចូលនិវត្តន៍។ កិច្ចប្រជុំនេះមានសមាសភាពចូលរួមពីមន្រ្តីរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ទូទាំង២៥រាជធានី ខេត្ត ព្រមទាំងមន្ទីរមុខងារសាធារណៈ ដោយមានអ្នកចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធអនឡាញមានចំនួនសរុបប្រមាណ ៧០០នាក់។

កិច្ចប្រជុំរយៈពេល២ថ្ងៃ បានចែករំលែកដល់ សមាជិក សមាជិកា អង្គប្រជុំទាំងអស់ឱ្យទទួលបានការយល់ដឹងកាន់តែច្បាស់បន្ថែមទៅលើយន្តការការងារ គោលការណ៍ នីតិវិធីក្នុងការអនុវត្តតាមរយៈការពិភាក្សា និងការសាកសួរសំណួរចម្លើយពាក់ព័ន្ធជាច្រើនដូចជា៖ ដំណើរការដំឡើងឋានន្តរស័ក្តិ និងថ្នាក់ប្រចាំឆ្នាំ, ក្របខណ្ឌពេលវេលាចំពោះការស្នើសុំដំឡើងឋានន្តរស័ក្តិ ថ្នាក់កិត្តិយសមុនចូលនិវត្តន៍ ឱ្យបានមួយឆ្នាំមុនពេលសាមីមន្ត្រីត្រូវចូលនិវត្តន៍, ដំណើរការដាក់មន្រ្តីរាជការស៊ីវិលឱ្យចូលនិវត្តន៍, ដំណើរការធ្វើបម្រែបម្រួលស្ថានភាពរដ្ឋបាលក្រោយពេលដំឡើងឋានន្តរស័ក្តិ ព្រមទាំងដំណោះស្រាយនានាលើបញ្ហាមួយចំនួនដែលបានជួបប្រទះកន្លងមកក្នុងការអនុវត្ត។

ជារួម គោលបំណងនៃការរៀបចំការងារទាំងអស់នេះ ជាការគិតគូរលើការសម្របសម្រួលការផ្តល់សេវាកាន់តែប្រសើរ ដើម្បីផ្តល់អត្ថប្រយោជន៍ជូនដល់មន្ត្រីរាជការស៊ីវិលដែលបានចូលរួមបំពេញការងារសម្រាប់ប្រទេសជាតិ និងប្រជាជនយើងកន្លងមក។

សូមបញ្ជាក់ថា ការដំឡើងឋានន្តរស័ក្តិ ថ្នាក់ ត្រូវអនុវត្តអនុលោមតាមលិខិតលេខ ៥២០៣/២៤ មស.ល.មស ចុះថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ របស់ក្រសួងមុខងារសាធារណៈ។ ចំពោះ ការដាក់មន្រ្តីឱ្យចូលនិវត្តន៍ ត្រូវអនុវត្តអនុលោមតាម សារាចរលេខ ០៥ សរ ចុះថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៥ របស់រាជរដ្ឋាភិបាល ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print