ប្រទេសថៃ ៖ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥ មេបញ្ជាការយោធភូមិភាគទី២ថៃ ចេញបញ្ជាបិទច្រកឆ្លងដែនកម្ពុជា-ថៃ និងទីកន្លែងទេសចរណ៍។
អ្វីដែលចម្លែកគឺក្នុងលិខិតបញ្ជាចំណុចទី៣នេះ គេផ្អាកការអនុញ្ញាតឱ្យទៅទស្សនាប្រាសាទតាមាន់ និងប្រាសាទតាក្របី ដោយយកលេសថា ដើម្បីជួសជុលប្រព័ន្ធរក្សាសុវត្ថិភាព។
ពលរដ្ឋខ្មែរថា ៖ ចង់បិទឬបើកតែខាងឯងទៅ តែបើមករញ៉េរញ៉ៃជាមួយខាងកម្ពុជា យើង មិនហ៊ានសន្និដ្ឋានអ្វីទេ !
សូមបញ្ជាក់ថា ៖ ជំហររបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងបញ្ហាជម្លោះព្រំដែនជាមួយថៃ៖
( ៥ចំណុចសំខាន់ៗនេះ គឺជាការបញ្ជាក់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត )
ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥
១. តំបន់ឬទីកន្លែងដែលមានវិវាទ ឬមិនទាន់ដាច់ស្រេចថាស្ថិតក្នុងដែនអធិបតេយ្យភាពរបស់ប្រទេសណាមួយ គឺគ្មានភាគីណាមានសិទ្ធិធ្វើសកម្មភាពឬដាក់ចេញនូវវិធានការជាឯកតោភាគីនៅក្នុងតំបន់ឬទីកន្លែងនោះ។ រាល់វិធានការនានាដែលអាចអនុវត្តបាន ត្រូវមានការឯកភាពគ្នារវាងភាគីទាំងពីរជាមុនសិន។
២. បន្ទាត់ក្រហមនៅតែជាបន្ទាត់ក្រហម មិនមានការប្រែប្រួលទេ។ សូមកុំបំពាន។
៣. កម្ពុជាមិនរំលោភបំពានលើអ្នកណាទេ ប៉ុន្តែកម្ពុជាក៏មិនឲ្យអ្នកណាមួយរំលោភបំពានលើខ្លួននោះដែរ។ កម្ពុជាមានសមត្ថភាពគ្រប់គ្រាន់និងបានត្រៀមខ្លួនជាស្រេចក្នុងការការពារខ្លួននិងការពារបូរណភាពទឹកដី តាមគ្រប់មធ្យោបាយទាំងអស់ប្រឆាំងនឹងការរំលោភបំពាន។
៤. វិធីសាស្រ្តបៀមឈាមព្រួសដាក់អ្នកដទៃ មិនមែនជាវិធីសាស្រ្តដែលមានសីលធម៌និងសុច្ចរិតភាពនោះទេ។ វិធីសាស្ត្របែបនេះមិនត្រូវប្រើទេ បើយើងពិតជាចង់កសាងនូវទំនុកចិត្តរវាងគ្នានិងគ្នា។
៥. កម្ពុជានៅតែរក្សាជំហរក្នុងការស្វែងរកដំណោះស្រាយលើបញ្ហានេះ ដោយមធ្យោបាយអហឹង្សា ឲ្យបានឆាប់រហ័ស ប្រកបដោយភាពច្បាស់លាស់និងចីរភាព៕
ដោយ ៖ សិលា