ខេត្តកណ្ដាល÷ កម្លាំងនគរបាលស្រុកអង្គស្នួល បានបើកប្រតិបត្តិការបង្ក្រាបករណីជួញដូរ និងប្រើប្រាស់គ្រឿង ញៀន (ម៉ាទឹកកក) ប្រកបដោយជោគជ័យ កាលពីវេលាម៉ោង ៧និង៥០នាទីព្រឹក ថ្ងៃទី២២ កក្កដា ២០២៥។ ប្រតិបត្តិការនេះធ្វើឡើងដោយសារមាន ការរាយការណ៍ពីប្រជាពលរដ្ឋល្អចូលទៅក្នុងកម្មវិធី NoDrug ដែលនាំ ឲ្យមានការឃាត់ខ្លួនជនសង្ស័យបានរហូតដល់ ៤នាក់ រួមទាំងវត្ថុតាងមួយចំនួន នៅភូមិបែកចាន ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល។
លោកវរសេនីយ៍ឯក មាន សំណាង អធិការនគរបាលស្រុកអង្គស្នួល បានឲ្យដឹងថា ជនសង្ស័យទាំង ៤នាក់ដែលត្រូវបានឃាត់ខ្លួនមានឈ្មោះ៖ ហៀង ចាន់ថៃ ភេទប្រុសអាយុ២៥ឆ្នាំ រស់នៅភូមិរកាធំ ឃុំបែកចាន (ធ្លាប់ជាប់ពន្ធនាគារ ២លើក ពីបទលួច និងជួញដូរគ្រឿងញៀន), សុរៈ ថាវនខេមរិន្ទ ភេទប្រុសអាយុ២៥ឆ្នាំ រស់នៅភូមិបែកចាន (ធ្លាប់ជាប់ពន្ធនាគារ ២លើក ពីបទជួញដូរគ្រឿងញៀន), ម៉ែន ស្រីប៉ុច ភេទស្រីអាយុ២៥ឆ្នាំរស់នៅភូមិបែកចាន, និង សុន សុងភេទប្រុសអាយុ២៩ ឆ្នាំរស់នៅភូមិបែកចាន។ ក្រោយការពិនិត្យ ទឹកនោមជនសង្ស័យទាំង ៤នាក់សុទ្ធតែមានផ្ទុកសារធាតុញៀន។
លោកអធិការបន្តថា ក្រោយទទួលបានព័ត៌មានពីប្រព័ន្ធ NoDrug ភ្លាមកម្លាំងផ្នែកនគរបាលប្រឆាំងគ្រឿងញៀន ស្រុក សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលបែកចាន បានចុះស៊ើបអង្កេត និងបង្ក្រាបតែម្ដង។
ដោយមានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្តកណ្ដាល និងការសម្របសម្រួលពីឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត កម្លាំងជំនាញបានឆែកឆេរផ្ទះជនសង្ស័យ ដកហូតបានវត្ថុតាងរួមមាន៖ ម្សៅក្រាមសថ្លា (ម៉ាទឹកកក) ០៤កញ្ចប់ (មធ្យម ២ តូច ២) ទម្ងន់ ៣,៨២ក្រាម, ទូរស័ព្ទដៃ ០៤គ្រឿង (ម៉ាក iPhone 7Plus ពណ៌ខ្មៅ, ម៉ាក iPhone 6Plus ពណ៌ផ្កាឈូក, ម៉ាក iPhone 7 ពណ៌ខ្មៅ, ម៉ាក Nokia ចុចពិល ពណ៌ប្រផេះ), ជញ្ជីងថ្លឹងគ្រឿងញៀន ០១, គ្រឿងបំពាក់ម៉ូតូមួយចំនួន និងឧបករណ៍ប្រើប្រាស់វេចខ្ចប់គ្រឿងញៀនមួយចំនួន។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំងអស់បានសារភាពពីសកម្មភាពរបស់ខ្លួន។ ឈ្មោះ សុន សុង ឆ្លើយថា ខ្លួនតែងតែទិញថ្នាំញៀនពីឈ្មោះ សុរៈ ថាវនខេមរិន្ទ ដើម្បីប្រើប្រាស់។ ឈ្មោះ សុរៈ ថាវនខេមរិន្ទ ឆ្លើយថា ខ្លួនទិញថ្នាំញៀនពីឈ្មោះ ហៀង ចាន់ថៃ តម្លៃ ២៥០.០០០រៀល យកមកលក់បន្ត និងប្រើប្រាស់ជាមួយប្រពន្ធឈ្មោះ ម៉ែន ស្រីប៉ុច ហើយក៏ធ្លាប់ទិញពីឈ្មោះ ឡាយ លីណា ហៅក្រោះ (ប្រុស, ៤០ឆ្នាំ) នៅភូមិអណ្តូង ឃុំបែកចានដែរ។ ចំណែកឈ្មោះ ហៀង ចាន់ថៃ បានសារភាពថា ខ្លួនយកថ្នាំញៀនពីឈ្មោះ ឈន សេងហ៊ត (ប្រុស, ៤២ឆ្នាំ) នៅភូមិមនោរម្យ ឃុំបែកចាន យកទៅលក់ និងប្រើប្រាស់។
បច្ចុប្បន្ន ជនសង្ស័យទាំង ៤នាក់ រួមជាមួយវត្ថុតាង ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕