ភ្នំពេញ៖ សម្ដេចឥស្សរវិទេសបញ្ញា ហោ ណាំហុង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអតីតប្រមុខការទូតកម្ពុជា នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ បានធ្វើសេចក្តីថ្លែងការណ៍ ករណីទាហានឈ្លានពានថៃ ដែលបានបាញ់មកលើកងទ័ពរបស់កម្ពុជាមុន បន្ទាប់ពីធ្វើសកម្មភាព បិទប្រាសាទតាមាន់របស់កម្ពុជា មិនឱ្យប្រជាពលរដ្ឋខ្មែរចូល ខណៈដែលសម្តេចចាត់ទុកថា សកម្មភាពរបស់ថៃវាយប្រហារមកលើកម្ពុជានេះ គឺជាការឈ្លានពានច្បាស់លាស់។
សម្ដេចឥស្សរវិទេសបញ្ញា ហោ ណាំហុង បានគូសរំលឹកនូវប្រសាសន៍សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានបញ្ជាក់ថា ការបិទមិនឱ្យប្រជាពលរដ្ឋខ្មែរ ឡើងទៅប្រាសាទតាមាន់ធំនេះ គឺជាបន្ទាត់ក្រហមហើយ ។ បន្ទាត់ក្រហមនេះ មានន័យថា បើប៉ះពាល់ប្រាសាទតាមាន់ធំ បញ្ហាធំហើយ ព្រោះកម្ពុជា ច្បាស់ជាមិនអនុញ្ញាតឱ្យថៃបិទឡើយ ដោយសារតែប្រាសាទតាមាន់ធំនេះ ស្ថិតនៅលើទឹកដីដែលភាគីទាំងសងខាង មិនទាន់សម្រេច ខណៈដែលកម្ពុជា បាននិងកំពុងដាក់ពាក្យបណ្ដឹង ប្តឹងតាមរយៈតុលាការអន្តរជាតិ ICJ ដើម្បីសម្រេចប្រគល់ឱ្យទៅភាគីណាមួយ ។
សម្ដេចឥស្សរវិទេសបញ្ញា ហោ ណាំហុង មានប្រសាសន៍ថា “បើកងទ័ពថៃ បិទចាប់ពីម៉ោង៨៖២០នាទីនេះមកហើយ ហើយចាប់វាយប្រហារលើកងទ័ពយើងទៀត នេះជាការឈ្លានពានច្បាស់លាស់ របស់កងទ័ពថៃមកលើកម្ពុជាហើយ កងទ័ពយើងបានរៀបចំរួចជាស្រេច ដើម្បីការពារទឹកដីរបស់យើងឱ្យបានពេញលេញ ។ ហើយសម្តេចព្រមទាំងប្រជាជនយើងទាំងមូលទូទាំងប្រទេស ទាំង១៧លាននាក់ គាំទ្ររាជរដ្ឋាភិបាល ក្នុងការរៀបចំទប់ទល់បូរណភាពទឹកដីយើងនេះ មិនឱ្យបាត់ដាច់ខាត សូមគាំទ្រពេញទី នូវប្រសាសន៍របស់សម្តេចធិបតី-តេជោ ដែលថា បើថាថៃបិទ មិនឱ្យប្រជាជនយើងឡើងលើប្រាសាទតាមាន់ធំ ជាបន្ទាត់ក្រហម បន្ទាត់ក្រហមមានន័យថា យើងមិនអនុញ្ញាតឱ្យទេ យើងនឹងប្រតិកម្ម មិនឱ្យបិទឡើយ ។
បន្ថែមលើនេះ សម្ដេចឥស្សរវិទេសបញ្ញា ហោ ណាំហុង បង្ហាញនូវក្តីសង្ឃឹម និងការជឿជាក់មកលើកងទ័ពកម្ពុជា ដែលមានអាវុធគ្រប់គ្រាន់ គ្រប់ធុនទាំងអស់ ក្នុងការការពារបូរណភាពទឹកដីកម្ពុជា ។
ជាមួយគ្នានេះ សម្ដេចឥស្សរវិទេសបញ្ញា ហោ ណាំហុង ក៏បានគូសបញ្ជាក់ថា សម្តេចពិតជាមានការបារម្ភដែរ ចំពោះការឈ្លានពានពីសំណាក់ភាគីថៃ មកលើកម្ពុជា ប៉ុន្តែសម្តេចមិនមានភាពស្លន់ស្លោទេ ដូចអ្វីដែលសម្តេចតេជោ បានអំពាវនាវ កុំឱ្យប្រជាពលរដ្ឋ មានការស្លន់ស្លោ ហើយត្រូវមានការទុកចិត្តលើកងទ័ពកម្ពុជា ដូច្នេះ សម្តេចហោ ណាំហុង ប្រកាសគាំទ្ររាជរដ្ឋាភិបាលទាំងស្រុង និងកងទ័ពកម្ពុជាទាំងស្រុង ក្នុងការការពារបូរណភាពទឹកដីកម្ពុជាទាំងនៅពេលបច្ចុប្បន្ន និងទៅអនាគត៕ដោយ៖តារា