ភ្នំពេញ៖ ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា រសៀលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥នេះ បានធ្វេីសន្និសីទសារព័ត៌មាន ស្តីពី បច្ចុប្បន្នភាពនៃការឈ្លានពានរបស់កងទ័ពថៃមកលើទឹកដីកម្ពុជា វិមានមិត្តភាព ទីស្តីការគណៈរដ្ឋមន្ត្រី។
ក្នុងពិធីសន្និសីទសារព័ត៌មាននេះ មានដូចជា៖ ១. លោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល។ ២.លោកស្រី ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា។ និង៣.លោក ជុំ សុន្ទរី រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។
សូមអានប្រសាសន៍សំខាន់ៗរបស់របស់អ្នកនាំពាក្យ មានដូចខាងក្រោម៖
លោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានមានប្រសាសន៍ថា៖ ថៃជាអ្នកបង្កឲ្យមានសង្គ្រាមកើតឡើងមុនបង្កហេតុឈ្លានពានទឹកដីកម្ពុជា ហើយបានប្រកាសសង្គ្រាមតាំងពីថ្ងៃទី ២២ ដោយបានរាយលួសបន្លានៅលើប្រាសាទតាមាន់ធំ បន្ទាប់មកបើកការបាញ់ប្រហារ៦ គ្រាប់មកលើកងទ័ពកម្ពុជា។
លោក ប៉ែន បូណា ថ្លែងថា ថ្នាក់ដឹកនាំកម្ពុជាចង់បានសន្តិភាពចង់មានព្រំដែនមិត្តភាពសន្តិភាពសហប្រតិបត្តិការជាមួយប្រទេសជិតខាងជម្រើសយោធាគឺជាជម្រើសចុងក្រោយ។
លោក ប៉ែន បូណា បានលើកឡើងថា ថៃបានប្រកាសសង្គ្រាមជាមួយកម្ពុជានៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥ ក្រោយការប្រកាសនេះ, នៅយប់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥ដដែល ថៃបានលួចរាយលួសបន្លានៅប្រាសាទតាមាន់ធំ និងព្រឹកឡើងនៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ ថៃបានបើកការវាយប្រហារលើកងទ័ពកម្ពុជា។ ទោះជាយ៉ាងនេះក្ដី ក៏កងទ័ពកម្ពុជានៅតែឈរជើងយ៉ាងរឹងមាំជាដដែលនៅក្នុងការពារបូរណភាពទឹកដីរបស់ខ្លួន។
ជាមួយគ្នានេះ លោកស្រី ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងថា មកទល់នឹងពេលនេះ កងទ័ពកម្ពុជាកាន់កាប់ប្រាសាទតាក្របី ១០០ ភាគរយ, កាន់កាប់តំបន់មុំបីដោយជោគជ័យ និងរក្សាកាន់កាប់នៅតំបន់ប្រាសាទតាមាន់ធំជាដដែល ដោយមិនមានការដកថយសូម្បីមួយជំហាននោះឡើយ។
អ្នកនាំពាក្យក្រសួងការពារជាតិ បានបញ្ជាក់ថា ថៃបានបើកការវាយប្រហារមុនគេលើតំបន់ប្រាសាទតាមាន់ធំ និងចំនួន៧កន្លែងទៀតនៅតាមបណ្តោយព្រំដែនខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ ហើយការបាញ់ប្រហារនោះមិនត្រឹមតែលើកងទ័ពកម្ពុជានោះទេ គឺថែមទាំងបានបាញ់មកលើជនស៊ីវិលកម្ពុជាផងដែរ។
លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានបញ្ជាក់ជាថ្មីថា បន្ទាប់ពីមានការបាញ់ប្រហារមកលើទាហានកម្ពុជាមកនោះ កងកម្លាំងប្រដាប់អាវុធរបស់កម្ពុជាគ្មានជម្រើសអ្វីក្រៅពីប្រើប្រាស់សិទ្ធិការពារខ្លួនក្នុងដែនអធិបតេយ្យ និងបូរណភាពទឹកដីរបស់ខ្លួនប្រឆាំងនឹងការឈ្លានពានរបស់ទាហានថៃដែលបានបំពានលើបូរណភាពទឹកដីកម្ពុជានោះឡើយ។
លោកស្រី ម៉ាលី សុជាតា បានសង្កត់ធ្ងន់ថា សារព័ត៌មានថៃ រហ័ស លឿន តែមិនប្រាកដថា ការពិតនោះទេ ហេតុនេះយើងត្រូវស្វែងរកការពិតបន្ថែម។ ចំពោះកម្ពុជា គឺនៅតែរក្សាគោល ជំហរការពារបូរណភាពទឹកដីរបស់ខ្លួនជាដដែល និងផ្ដោតតែទៅលើគោលដៅយោធាប៉ុណ្ណោះ។
ដោយឡែក លោក ជុំ សុន្ទរី រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឱ្យដឹងដែរថា៖ ថៃបានទម្លាក់កម្រិតការទូតរវាងប្រទេសទាំងពីរកម្ពុជាថៃ ការទម្លាក់កម្រិតការទូតនេះមិនបានអនុវត្តតាមសន្ធិសញ្ញាការទូតអន្តរជាតិហើយពុំបានជូនព័ត៌មានតាមការកំណត់ទូតមកក្រសួងការបរទេសកម្ពុជាមិនមានមូលដ្ឋានច្បាស់លាស់តាមគោលការណ៍អន្តរជាតិតាមអង្គហេតុអង្គច្បាប់៕ដោយ៖ស តារា