ភ្នំពេញ ៖ «សារព័ត៌មានថៃ ផ្សព្វផ្សាយលឿន និងរហ័ស តែមិនប្រាកដជាការពិតទេ»។ នេះបើតាមអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា លោកស្រី ម៉ាលី សុជាតា ដែលបានបន្ថែមថា កម្ពុជាប្រកាន់ជំហរបាញ់តម្រង់ទៅកាន់មូលដ្ឋានទ័ពថៃ មិនដូចសារព័ត៌មានថៃ ចុះផ្សាយថា កម្ពុជា បាញ់តម្រង់ទៅភូមិប្រជាជនថៃឡើយ។
លោក ប៉ែន បូណា អ្នកនាំពាក្យរដ្ឋាភិបាល ,លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ និងលោក ជុំ សន្ទរី អ្នកនាំពាក្យក្រសួងការបរទេស និងអន្តរជាតិ បានធ្វើសន្និសិទ្ធកាសែត ជុំវិញករណីយោធាថៃបាញ់ប្រហារមកលើយោធាកម្ពុជា នៅតាមបន្ទាត់ព្រំដែន នាព្រឹកថ្ងៃទី២៤ កក្កដា ២០២៥ ។
លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិថ្លែងថា ៖ ្សារព័ត៌មានថៃ រហ័ស លឿន តែមិនប្រាកដថា ការពិតនោះទេ ហេតុនេះយើងត្រូវស្វែងរកការពិតបន្ថែម។ ចំពោះកម្ពុជា គឺនៅតែរក្សាគោល ជំហរការពារបូរណភាពទឹកដីរបស់ខ្លួនជាដដែល និងផ្ដោតតែទៅលើគោលដៅយោធាប៉ុណ្ណោះ។
សូមបញ្ជាក់ថា ៖ ថ្ងៃនេះ ! ថៃបើកការវាយបំពានកម្ពុជា ៨ ទីតាំង ហើយបច្ចុប្បន្នកងទ័ពកម្ពុជាកំពុងកាន់កាប់តំបន់ទាំងអស់នោះបានយ៉ាងល្អ។
អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាថា ! ថៃបានទម្លាក់កម្រិតការទូតរវាងប្រទេសទាំងពីរកម្ពុជាថៃ ការទម្លាក់កម្រិតការទូតនេះមិនបានអនុវត្តតាមសន្ធិសញ្ញាការទូតអន្តរជាតិហើយពុំបានជូនព័ត៌មានតាមការកំណត់ទូតមកក្រសួងការបរទេសកម្ពុជាមិនមានមូលដ្ឋានច្បាស់លាស់តាមគោលការណ៍អន្តរជាតិតាមអង្គហេតុអង្គច្បាប់។
ក្នុងសន្និសីទសារព័ត៌មាន លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ជាថ្មីថា បន្ទាប់ពីមានការបាញ់ប្រហារមកលើទាហានកម្ពុជាមកនោះ កងកម្លាំងប្រដាប់អាវុធរបស់កម្ពុជាគ្មានជម្រើសអ្វីក្រៅពីប្រើប្រាស់សិទ្ធិការពារខ្លួនក្នុងដែនអធិបតេយ្យ និងបូរណភាពទឹកដីរបស់ខ្លួនប្រឆាំងនឹងការឈ្លានពានរបស់ទាហានថៃដែលបានបំពានលើបូរណភាពទឹកដីកម្ពុជានោះឡើយ៕
ដោយ ៖ សិលា