ភ្នំពេញ ៖ លោក Wang Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានមានប្រសាសន៍ ភាគីចិន សុខចិត្តសហការជាមួយភាគីមិត្តកម្ពុជា ក្នុងការជំរុញឲ្យស៊ីជម្រៅ នូវកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ និងគាំទ្រភាគីមិត្តកម្ពុជាបង្ក្រាប និងដាក់ទោសតាមច្បាប់ លើសកម្មភាពឧក្រិដ្ឋកម្មខុសច្បាប់ ដែលបង្កគ្រោះថ្នាក់ដល់សន្តិសុខ និងផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ។
លោកបានមានប្រសាសន៍បែបនេះ នៅក្នុងជំនួបជាមួយ ឯកឧត្ដម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កម្ពុជា កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥។ ការលើកឡើង ស្រដៀងគ្នានេះ ក៏ធ្លាប់បានធ្វើឡើង ដោយរដ្ឋមន្ត្រីក្រសួងការទេសចិន លោក Wang Yi នៅក្នុងពេលជួបលោក ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា នៅក្រៅកិច្ចប្រជុំអាស៊ាន នៅប្រទេសម៉ាឡេស៊ី នាពេលថ្មីៗនេះ ផងដែរ។
ការណ៍នេះ ត្រូវបានអ្នកវិភាគសង្គម លោកបណ្ឌិត កៅ មុយថង បានប្រាប់ថា «គិតត្រឹមខែកក្កដា ឆ្នាំ២០២៥ ប្រទេសកម្ពុជានិងចិន បានកសាងទំនាក់ទំនងការទូតជាផ្លូវការមាន រយៈពេល៦៧ឆ្នាំ។ មិត្តភាពជាប្រពៃណីរវាងប្រទេសយើងទាំងពីរ ត្រូវបានត្រួសត្រាយដោយថ្នាក់ដឹកនាំជំនាន់មុន និងថ្នាក់ថ្នមថែរក្សាយ៉ាងយកចិត្តទុកដាក់ដោយថ្នាក់ដឹកនាំជំនាន់ក្រោយៗ ដើម្បីប្រកៀកស្មាគ្នារួមកម្លាំងជាមួយបណ្តាប្រទេសទាំងអស់ ចូលរួមស្ថាបនាសហគមន៍ជោគវាសនារួមនៃមនុស្សជាតិដែលបានចាក់ឫសយ៉ាងជ្រៅក្នុងជម្រៅដួងចិត្តរបស់មនុស្សជាតិ។លក្ខណៈពិសេសនៃទំនាក់ទំនងរវាងកម្ពុជានិងចិន បានបង្កើនការជឿទុកចិត្តគ្នា ហើយកាន់តែមានលក្ខណៈស៊ីជម្រៅគ្រប់ជ្រុងជ្រោយ នយោបាយ សេដ្ឋកិច្ច សន្តិសុខ ការពារជាតិ វប្បធម៌ប្រជាជន»៕
ដោយ ៖ សិលា