ក្រសួងការងារ ថ្កោលទោសការប្រើអំពើហិង្សាពីសំណាក់ពលរដ្ឋថៃ មកលើពលរដ្ឋស៊ីវិលខ្មែរ គឺជាអំពើរំលោភច្បាប់យ៉ាងគគ្លើន

ចែករំលែក៖

ភ្នំពេញ​៖​ លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឲ្យដឹងថា កាលពីថ្ងៃទី២៤ ខែកក្កដាម្សិលមិញនេះ​ ដែលជាថ្ងៃផ្ទុះអាវុធរវាងកម្ពុជា និងថៃនៅតាមព្រំដែន ពលរដ្ឋថៃ បានផ្តើមប្រើប្រាស់អំពើហិង្សាមកលើពលករ និងពលរដ្ឋខ្មែរដែលរស់នៅ និងធ្វើការក្នុងទឹកដីថៃ។ លោក ស៊ុន មេសា ហៅសកម្មភាពហិង្សាទាំងនេះ គឺជាអំពើដែលរំលោភច្បាប់យ៉ាងគគ្លើនដែលបានបំពានដល់ពលរដ្ឋខ្មែរដែលជាជនស៊ីវិល។

ជាមួយគ្នានេះ លោក ស៊ុន មេសា បានថ្កោលទោសនៅអំពើហិង្សាមកលើពលរដ្ឋខ្មែរដែលជាជនស៊ីវិល និងស្នើឲ្យអាជ្ញាធរថៃវែកមុខរកជនដៃដល់។ ទន្ទឹមនឹងនេះ លោកសូមអំពាវនាវ ឱ្យពលរដ្ឋខ្មែរមានការប្រុងប្រយ័ត្នខ្ពស់ និងសុំវិលមកកាន់កម្ពុជាវិញដើម្បីរក្សាសុវត្ថិភាពរបស់ខ្លួន ហើយអះអាងថា នៅកម្ពុជាមានឱកាសការងាររាប់ម៉ឺនកន្លែងកំពុងរង់ចាំបងប្អូនទាំងអស់គ្នាជាពិសេសនៅក្នុងវិស័យឧស្សាហកម្ម។

សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា កាលពីពេលថ្មីៗនេះ បន្ទាប់ពីមានភាពតានតឹងជម្លោះបញ្ហាព្រំដែនរវាងកម្ពុជា ថៃ ក៏បានអំពាវឲ្យពលករ ដូចជាប្រជាពលរដ្ឋខ្មែរដែលរស់នៅប្រទេសថៃឲ្យត្រឡប់មកស្រុកកំណើតវិញ ដើម្បីចៀសវាងពីប្រមាថមើលងាយ ឬបទល្មើសណាមួយពីសំណាក់ពលរដ្ឋថៃ។ បន្ទាប់ពីការំអំពាវនាវពីសំណាក់សម្ដេចតេជោ ក៏មានពលករ និងពលរដ្ឋខ្មែរមួយចំនួនបានវិលត្រឡប់ចូលមកស្រុកកំណើតវិញ ដោយមានការស្វាគមន៍ពីមន្ត្រីនៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដើម្បីសម្រួល និងផ្ដល់ការងារដល់ពួកភ្លាមៗផងដែរ៕

...

ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print