អគ្គលេខាធិការអង្គការសហប្រជាជាតិ អំពាវនាវឱ្យប្រទេសថៃនិងកម្ពុជាអនុវត្តការអត់ធ្មត់ជាអតិបរមា និងដោះស្រាយបញ្ហាទាំងអស់តាមរយៈការសន្ទនាក្នុងស្មារតីអ្នកជិតខាងល្អ ដើម្បីស្វែងរកដំណោះស្រាយយូរអង្វែង។
កាលពីថ្ងៃទី២៤ ខែកក្កដា អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានអំពាវនាវឱ្យប្រទេសថៃនិងកម្ពុជាអនុវត្តការអត់ធ្មត់ជាអតិបរមា ចំពេលមានភាពតានតឹងកាន់តែខ្លាំងឡើងរវាងប្រទេសជិតខាងទាំងពីរនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។
នៅក្នុងសន្និសីទសារព័ត៌មានមួយ លោក Farhan Haq – អ្នកនាំពាក្យរងនៃអគ្គលេខាធិការអង្គការសហប្រជាជាតិ បាននិយាយថា អគ្គលេខាធិការ Guterres កំពុងតាមដានយ៉ាងជិតស្និទ្ធនូវព័ត៌មានទាក់ទងនឹងភាពតានតឹងនៅតំបន់ព្រំដែនរវាងប្រទេសថៃនឹងកម្ពុជា។
នៅថ្ងៃដដែល អ្នកនាំពាក្យរងក្រសួងការបរទេសសហរដ្ឋអាមេរិក Tommy Pigott បានចេញសេចក្តីថ្លែងការណ៍មួយដោយនិយាយថា ទីក្រុងវ៉ាស៊ីនតោន “អំពាវនាវឱ្យបញ្ឈប់ជាបន្ទាន់នូវអរិភាព ការការពារជនស៊ីវិល” និងដំណោះស្រាយដោយសន្តិវិធីនៃភាពខុសគ្នា។
ស្ថានទូតអាមេរិកប្រចាំទីក្រុងបាងកក ក៏បានណែនាំដល់ពលរដ្ឋអាមេរិកដែលរស់នៅក្បែរព្រំដែនកម្ពុជា-ថៃ ឲ្យមានការប្រុងប្រយ័ត្ន និងអនុវត្តតាមការណែនាំរបស់ភ្នាក់ងារសន្តិសុខ។ ស្ថានទូតបានដឹងអំពីរបាយការណ៍នៃការប្រយុទ្ធគ្នា រួមទាំងគ្រាប់រ៉ុក្កែតនិងកាំភ្លើងធំរវាងកងកម្លាំងកម្ពុជានឹងថៃនៅតាមព្រំដែន។ មានរបាយការណ៍អំពីអ្នកស្លាប់ និងរបួស ហើយរដ្ឋាភិបាលថៃកំពុងបញ្ជាឱ្យជម្លៀសតំបន់មួយចំនួន៕ ដោយធីរីណា
រូបថត: TTXVN