អ្នកនាំពាក្យក្រសួងការពារជាតិ៖ ថៃបានប្រើគ្រាប់បែកចង្កោមវាយប្រហារដោយខុសច្បាប់មកលើទឹកដីកម្ពុជា

ចែករំលែក៖

ភ្នំពេញ : ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅទីស្ដីការគណៈរដ្ឋមន្ត្រី ព្រឹកថ្ងៃសុក្រ ទី២៥ ខែកក្កដា ឆ្នាំ២០២៥ នេះ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានអះអាងថា ថៃបានប្រើប្រាស់គ្រាប់បែកចង្កោមដោយខុសច្បាប់មកលើទឹកដីកម្ពុជា ដែលជាការបំពានយ៉ាងធ្ងន់ធ្ងរទៅលលើច្បាប់អន្តរជាតិ រួមទាំងអនុសញ្ញាស្ដីពីគ្រាប់បែកចង្កោម។ លោកជំទាវបានសង្កត់ធ្ងន់ថា ការប្រើប្រាស់អាវុធបែបនេះវាមិនត្រឹមតែបង្ហាញពីភាពឃោរឃៅ និងអមនុស្សធម៌ឈ្លានពានរបស់ថៃប៉ុណ្ណោះទេ តែវាក៏បង្ហាញថាថៃមិនខ្លាចរអាចំពោះច្បាប់អន្តរជាតិឡើយ។

លោកជំទាវអ្នកនាំពាក្យបានលើកឡើងថា «ថៃបានចាប់ផ្ដើមប្រើគ្រាប់បែកចង្កោមវាយសន្ធប់ដោយចេតនា ដោយខុសច្បាប់មកលើទឹកដីកម្ពុជា។ អំពើឈ្លានពានយ៉ាងកម្រោលនិងគ្មានការរើសអើងនេះ បំពានយ៉ាងធ្ងន់ធ្ងរទៅលើច្បាប់អន្តរជាតិ រួមទាំងអនុសញ្ញាស្ដីពីគ្រាប់បែកចង្កោម។ ការប្រើប្រាស់អាវុធបែបនេះមិនត្រឹមតែបង្ហាញពីភាពឃោរឃៅ និងអមនុស្សធម៌ឈ្លានពានរបស់ថៃប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងឆ្លុះបញ្ចាំងឲ្យមើលឃើញយ៉ាងងាយថា ថៃគ្មានខ្លាចរអាចំពោះច្បាប់មនុស្សធម៌អន្តរជាតិ និងបទដ្ឋានជាមូលដ្ឋានបំផុតដែលគ្រប់គ្រងអំពីការប្រព្រឹត្តអរិភាពរបស់ថៃ។ ការពង្រាយគ្រាប់បែកចង្កោមជាការគំរាមកំហែងយូរអង្វែងដល់ជនស៊ីវិល បរិស្ថាន និងជាឧក្រិដ្ឋកម្មសង្គ្រាមក្រោមច្បាប់អន្តរជាតិ និងបំផ្លិចបំផ្លាញសន្តិភាព និងសន្តិសុខក្នុងតំបន់»។

គួរបញ្ជាក់ថា បើតាមអ្នកនាំពាក្យរូបនេះដដែល នៅវេលាម៉ោង ៥:២៥នាទីព្រឹក ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ ភាគីថៃបានប្រើប្រាស់គ្រាប់បែកចង្កោមវាយប្រហារមកលើតំបន់ភ្នំខ្មោច និងនៅវេលាម៉ោង ៦:៥០ ថៃបានបាញ់គ្រាប់ចង្កោមជាលើកទី២ ចូលមកភូមិតេជោធម្មជាតិ ស្ថិតក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print