ទីក្រុងវ៉ាស៉ីនតោន ៖ សហរដ្ឋអាមេរិក នាថ្ងៃព្រហស្បតិ៍ ទី២៤ ខែកក្កដា ឆ្នាំ២០២៥ (ពេលវេលានៅអាមេរិក) បានទទូចឱ្យបិទបញ្ចប់ទៅវិញជាបន្ទាន់ នូវការផ្ទុះជម្លោះប្រដាប់អាវុធរវាងប្រទេសកម្ពុជានិងថៃ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។
ទីភ្នាក់ងារព័ត៌មាន AFP បានបន្តថា ៖ ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន ស្តីពីការប្រយុទ្ធគ្នារវាងកម្ពុជានិងថៃ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក Tommy Pigott បាននិយាយយ៉ាងដូច្នេះថា «សហរដ្ឋអាមេរិកសូមទទូចឱ្យបញ្ឈប់អរិភាពទាំងអស់ជាបន្ទាន់ ហើយការពារអាយុជីវិតជនស៉ីវិល និងស្វែងរកដំណោះស្រាយ ដោយសន្តិវិធីសម្រាប់ជម្លោះ»។
គួរបញ្ជាក់ថា ជម្លោះប្រដាប់អាវុធរវាងប្រទេសកម្ពុជានិងថៃ បានផ្ទុះឡើងកាលពីព្រឹកថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ នៅពេលដែល កងទ័ពរបស់ថៃ បានបើកការវាយប្រហារឈ្លានពានមកលើកងទ័ពកម្ពុជា នៅតំបន់ព្រំដែនរវាងប្រទេសទាំងពីរ ជាហេតុបង្ខំឱ្យ ភាគីកម្ពុជាអនុវត្តសិទ្ធិការពារខ្លួនវាយបកត្រឡប់ទៅវិញ ដើម្បីការពារដែនអធិបតេយ្យ និងបូរណភាពទឹកដីរបស់ប្រទេសកម្ពុជា៕
ប្រភព ៖ ទីភ្នាក់ងារព័ត៌មាន AFP