សិស្ស÷ ចុះលោកគ្រូឥឡូវយើងបានរួចផុតហើយ។ តើអ្នកដែលបានរំដោះចេញពីថ្ងៃទី៧ មករា តើពួកគាត់រស់នៅយ៉ាងដូចម្ដេចដែរ?ឮសំណួរនេះ មនោរា អង្គុយយ៉ាងត្រង់ភ្លឹងសម្លឹងមុខគ្រូដោយយកចិត្តទុកដាក់។
លោកគ្រូ÷ គ្រូមិនអាចពណ៌នាឲ្យប្អូនទាំងអស់គ្នាបានស្ដាប់គ្រប់ជ្រុងជ្រោយឬលម្អិតនោះទេ។លោកគ្រូជឿថាក្នុងចំណោមប្អូនទាំងអស់គ្នា ក៏មានសមាជិកគ្រួសារខ្លះនៅរស់រានមានជីវិតពីរបបខ្មែរក្រហមដែរ។ បន្ទាប់ពីរបបខ្មែរក្រហមដួលរលំ គ្រួសារស្ទើរតែគ្រប់គ្នាបានបាត់បង់សាច់ញាតិបងប្អូនហើយអ្នករស់នៅខ្លះពីការក៏មានដែរ។ អ្នករៀនមានជីវិតពីរបបខ្មែរក្រហមបានជួបនឹងការប៉ះទង្គិចផ្លូវចិត្តក៏មានច្រើន។
ការបកស្រាយរបស់លោកគ្រូបានបង្ហាញឲ្យសិស្សយល់ពីផលប៉ះពាល់របស់ពួកគេ បន្ទាប់ពីបានឆ្លងកាត់រឿងរ៉ាវដ៏អាក្រក់មួយនេះ។
ម៉ឺង ម៉ឺង ម៉ឺង ជួងចេញទៅផ្ទះបានដាស់អារម្មណ៍សិស្សគ្រប់គ្នាឲ្យរៀបចំកាតាប និងសម្ភារៈផ្សេងៗដាក់ចូលកាបូបដើម្បីត្រឡប់ទៅផ្ទះវិញ។ ដោយឡែកថ្នាក់ប្រវត្តិសាស្ត្រនេះវិញទេ មិនចង់ចេញសោះព្រោះកូនសិស្សកំពុងតែដេញដោលគ្នាសួរជាសំណួរ និងចម្លើយទៅវិញទៅមកយ៉ាងសកម្ម។
មនោរា ដើរបណ្ដើរគិតបណ្ដើរថាតើគួរសួរអ្វីចំពោះយាយនិងតាល្ងាចនេះ។ ចុះបើសួរទៅយាយ និងតាអត់សប្បាយចិត្ត តើខ្ញុំគួរតែធ្វើយ៉ាងម៉េចទៅ។
មួយសន្ទុះក្រោយមក មនោរាបានទៅដល់ផ្ទះហើយរៀបចំញ៉ាំបាយជាមួយយាយ និងតាយ៉ាងសប្បាយរីករាយ។ ពេលញ៉ាំរួច មនោរា យកចានទៅលាងរៀបចំទុកដាក់យ៉ាងមានរបៀប។ យាយផេម ក៏បានសួរចៅ។
យាយ÷ ធ្វើកិច្ចការហើយឬនៅចៅ?
មនោរា ÷ ចាសរួចហើយយាយ។ ខ្ញុំកំពុងតែរៀបចំសៀវភៅប៊ិចទុកវិញ និយាយអ៊ីចឹងយាយ និងតាត្រៀមខ្លួនរួចហើយនៅសម្រាប់រឿងនិទាននៅយប់នេះ?
តា÷ អើ!តាមមិនភ្លេចទេតោះពន្លត់ចង្កៀងផងយាយវា ខ្លាចឆាប់អស់ភ្លើង។ តានិយាយចប់ មនោរាបានចូលទៅក្នុងមុងហើយសម្លឹងមើលទៅបង្អួចដែលកំពុងបើកចំហរមានពន្លឺព្រះចន្ទភ្លឺថ្លាចែងចាំងចូលមកក្នុងផ្ទះ។ មនោរា សម្លឹងមើលមុខតា ហើយដាក់ក្បាលរបស់នាងកើយលើដៃយាយរួចក៏នាងចាប់ផ្ដើមសួរទៅតា។
មនោរា÷ តា តើរាល់ថ្ងៃនេះ តានិងយាយរស់យ៉ាងម៉េចដែរ បន្ទាប់ពីបានឆ្លងកាត់រឿងរ៉ាវពីរបបខ្មែរក្រហមហើយ?
តា÷ មនោរា ចៅសម្លាញ់អើយ! តាសប្បាយចិត្តណាស់ដែលមានចៅស្រីម្នាក់ដ៏សែនឆ្លាតបែបនេះ។ តាសូមអរគុណដល់គុណបុណ្យដែលឯងបានកើតជាចៅតា។ តាដកដង្ហើមធំរួចហើយនិយាយបន្តទៀតថា ការរស់នៅសព្វថ្ងៃនេះទោះបីជាមានសុខសន្តិភាព ប៉ុន្តែតាមិនចង់ឲ្យចៅស្រីរបស់តាលំបាកទេ។ តាចង់ឱ្យចៅរៀនសូត្របានចប់ចប់សព្វគ្រប់មានការងារធ្វើ មានអនាគតល្អ។ តា ក៏មិនចង់ឮពាក្យថាសង្គ្រាមដែរ។ នៅក្នុងរបប៣ឆ្នាំ៨ខែ ២០ថ្ងៃ តាតែងតែដេកមិនលក់បក់មិនល្ហើយជារៀងរាល់យប់ ព្រោះតាជួបការលំបាកខ្លាំងណាស់។ រស់នៅវេទនាគ្រប់បែបយ៉ាងទាំងផ្លូវកាយនិងផ្លូវចិត្ត។ ផលដំណាំហូរហៀរតែមិនអាចហូបបាន ការងារធ្វើមិនឈប់ដាក់កំហិតបង្ខំ ការសម្លាប់មនុស្សឃើញតែនៅនឹងមុខ ហើយតាក៏មិនដឹងថាគោលនយោបាយរបស់អ្នកដឹកនាំនៅជំនាន់ខ្មែរក្រហមចង់បាន បែបណាបានជាធ្វើដូច្នោះ។
មនោរា÷ ចុះយាយវិញយ៉ាងម៉េចដែរសព្វថ្ងៃនេះ?
យាយ÷ យាយពិតជាពិបាកក្នុងការនិយាយជាងតាឯងទៅទៀត។មានតែតាឯងម្នាក់គត់ដែលយល់ពីអារម្មណ៍យាយ ពីព្រោះឪពុកម្ដាយរបស់ឯងត្រូវកងឈ្លបយកទៅសម្លាប់ដោយសារតែការលួចបេះត្រសក់ហូប។ បន្ទាប់មកតាឯងត្រូវទៅធ្វើការនៅកន្លែងឆ្ងាយៗហើយយាយនៅតែពីរនាក់ឯង។កាលនោះឯងទើបតែមានអាយុប៉ុន្មានខួបទេ។ យប់មួយជាយប់ដែលយាយឈឺខ្លាំងណាស់នៅពេលតាឯងមិននៅ។ ពេលនោះក្រុមឈ្លបដើរយាមល្បាតពេលយប់។ វាបានឃើញយាយនៅតែម្នាក់ឯងក៏បានចាប់រំលោភយាយ។ យាយពិតជាឈឺចាប់ណាស់ ហើយរូបភាពថ្ងៃនោះនៅតែដក់ជាប់នឹងកែវភ្នែករបស់យាយរៀងរហូត។ យាយរឹតតែបារម្ភៃខ្លាចកងឈ្លបយកទៅសម្លាប់។ ណាមួយបារម្ភពីចៅនិងប្ដី។ យាយពិតជាមិនដឹងត្រូវធ្វើយ៉ាងម៉េចទេ។ ប៉ុន្តែសំណាងហើយដែលកងឈ្លបរំលោភយាយហើយវាមិនយកយាយទៅសម្លាប់ដូចនារីផ្សេងៗទៀតនៅក្នុងភូមិ។ ពេលនោះ យាយសំពះសុំអង្វរកពួកកងឈ្លបទាំងនោះណាស់តែពួកគេមិនព្រម។ និយាយមិនទាន់ចប់ស្រួលបួលផងយាយក៏ស្រែកទ្រហោយំ។ មនោរា ក៏ជួយជូតទឹកភ្នែកឲ្យយាយ រួចយាយនិយាយបន្តទៀតថា អ៊ីចឹងបានជាពេលខ្លះយាយដល់ថ្នាក់ដេកយល់សប្តិទៀតក៏មានដែរ។ ពីព្រោះរឿងរ៉ាវទាំងអស់នេះនៅតាមលងបន្លាចយាយគ្រប់ពេលវេលា។
មនោរា÷ ចៅសុំទោសផងដែលឱ្យយាយនឹងតើរំលឹករឿងទាំងអស់នេះ។ ចៅគ្រាន់តែចង់ដឹងថាតើការពិតវាយ៉ាងម៉េច? បន្ទាប់ពីមានអ្នកស្រាវជ្រាវសរសេរចេញជាសៀវភៅប្រវត្តិសាស្ត្រមក តើការស្រាវជ្រាវនោះពិតដែរឬទេហើយថ្ងៃនេះចៅបានទៅរៀនសូត្រច្រើនណាស់ពីសាលា។ លោកគ្រូបាននិយាយតែអំពីរឿងនេះដែរ។ អ៊ីចឹងយើងឆាប់គេងទៅយាយតា។ ស្អែកយើងងើបដុតដំឡូងទៀត។ ឥឡូវរឿងរ៉ាវទាំងអស់នេះរំលងផុតហើយ។
ការនិទានរឿងនៅយប់នោះគឺជារឿងដែលឲ្យខ្លោចផ្សាបំផុតរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមពីរនាក់ក្នុងចំណោមអ្នករស់រានមានជីវិតជាច្រើនលាននាក់នៅក្នុងរបបខ្មែរក្រហម។ ការឈឺចាប់នៅតែជាស្រមោលតាមលងបន្លាចពួកគាត់គ្រប់ពេលវេលា។
មិនយូរប៉ុន្មាន មនោរា បានបញ្ចប់ថ្នាក់ទី ១២ ហើយឡើងមករៀនបន្តនៅទីក្រុងភ្នំពេញ ដោយជ្រើសរើសយកមុខវិជ្ជាសង្គមកិច្ចនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ៕(ចប់ដោយបរិបូរណ៍)
