ភ្នំពេញ : រដ្ឋលេខាធិការក្រសួងការបរទេស លោក គង់ ភោគ គឺជាស្វាមីរបស់លោកស្រី ម៉ាលី សុជាតា អនុរដ្ឋលេខាធិការក្រសួងការពារជាតិ។ នៅព្រឹកថ្ងៃទី២៥ ខែកក្កដា នេះ គូស្វាមីភរិយាមួយគូនេះ គឺកំពុងប្រយុទ្ធនៅលើសមរភូមិព័ត៌មាន ឆ្លើយតបរាល់ការបំភ្លៃរបស់ភាគីថៃ ដែលឈ្លានពានយ៉ាងគឃ្លើន ខុសច្បាប់អន្តរជាតិមកលើកម្ពុជា។
នៅព្រឹកនេះ លោកស្រី ម៉ាលី សុជាតា បានថ្លែងអំពីស្ថានភាពថ្មីៗដែលថៃបាញ់ប្រហារមកលើកម្ពុជា និងទាត់ចោលរាល់ការបំភ្លៃរបស់សារព័ត៌មានថៃ ធ្វើយុទ្ធសាស្ត្រកខ្វក់។ ចំណែកលោក គង់ ភោគ គឺថ្លែងអំពីការឈ្លានពានរបស់ថៃដែលខុសច្បាប់អន្តរជាតិ ដែលកម្ពុជា ត្រូវតែឆ្លើយតបតាមក្រោយជាបន្ទាន់វិញ ដើម្បីការពារបូរណភាពទឹកដី និងលទ្ធផលនៃការពន្យល់របស់រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា ទៅកាន់បណ្ដាអង្គទូត និងអនុពន្ធ សេនានុពន្ធយោធាបរទេសនៅកម្ពុជា។
សូមជម្រាបថា , តំបន់ទីប្រជុំជនកម្ពុជា និងវត្តអារាម នៅតាមតំបន់ខ្សែបន្ទាត់ព្រំដែន រងការខូចខាតដោយសារថៃ ប្រើប្រាស់គ្រាប់បែកចង្កោម ដែលផ្ទុយពីអនុសញ្ញាស្តីពីគ្រាប់បែកចង្កោម (Convention on Cluster Munitions – CCM)។ នេះបើតាមលោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា ថ្លែងក្នុងសន្និសីទកាសែតស្តីពីបច្ចុប្បន្នភាពនៃការឈ្លានពានរបស់ថៃ មកលើទឹកដីកម្ពុជា នាម៉ោង១២៖៣០នាទី ថ្ងៃទី២៥ កក្កដានេះ។
បើតាមលោកស្រី ម៉ាលី សុជាតា ភាគីថៃ បានប្រើប្រាស់អាវុធធន់ធ្ងន់ វាយប្រហារមកលើកម្ពុជា ជាពិសេសការប្រើប្រាស់គ្រាប់បែកចង្កោមនេះ ជារំលោភលើអនុសញ្ញាស្តីពីគ្រាប់បែបចង្កោម និងប្រឆាំងការគោរពសិទ្ធិមនុស្ស។ អ្នកនាំពាក្យក្រសួងការពារជាតិ ស្នើឱ្យសហគមន៍អន្តរជាតិ ថ្កោលទោសលើសកម្មភាពថៃឈ្លានពានកម្ពុជា ដោយមិនស្ទាក់ស្ទើរ ហើយស្នើឱ្យថៃបញ្ឈប់សកម្មភាពសាហាវឃោឃៅនេះ ជាបន្ទាន់៕
ដោយ : សិលា