ខេត្តប៉ៃលិន៖ លោក អ៊ី ឈាន ទេសរដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការព្រំដែន នារសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ បានអញ្ជើញសំណេះសំណាលសួរសុខទុក្ខលើកទឹកចិត្ត និងត្រួតពិនិត្យមើល កងកំលាំងជួរមុខ ដែលកំពុងឈរជើងការពារបូរណៈភាពទឹកដី នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្ត្រខេត្តប៉ៃលិន។
នាឱកាសនោះ លោក អ៊ី ឈាន ទេសរដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការព្រំដែន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តប៉ៃលិន បានមានប្រសាសន៍នាំមកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជូនចំពោះនាយទាហាន នាយទាហានរង និងពលទាហាន ដែលកំពុងឈរជើងនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងបេសកកម្មការពារបូរណៈភាពទឹកដី ក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ហើយបើទោះបីជាសម្តេចទាំងបី មិនបានមកជួបបងប្អូនដោយផ្ទាល់ក្តី ក៍សម្តេចតែងតែនឹករលឹកដល់កងកម្លាំងរបស់យើងជានិច្ច។
លោកទេសរដ្ឋមន្ត្រី បានមានប្រសាសន៍លើកឡើងថា៖ បច្ចុប្បន្ននេះសភាពការណ៍នៅតាមបន្ទាត់ព្រំដែន មានស្ថានភាពឡើងកម្តៅខ្លាំង នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ជាពិសេសនៅចំណុចមុំបី ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងប្រាសាទព្រះវិហារ កំពុងមានការប៉ះទង្គិចគ្នាដោយអាវុធយ៉ាងខ្លាំង រហូតដល់ប្រើយន្តហោះចំបាំងផងដែរ ហើយកងកម្លាំងប្រដាប់អាវុធរបស់កម្ពុជាយើងកំពុងប្រយុទ្ធដេញចោរឈ្លានយ៉ាងអង់អាចក្លាហាន ដើម្បីបុព្វហេតុការពារបូរណៈភាពទឹកដី។
លោក អ៊ី ឈាន ក៍បានមានប្រសាសន៍កោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះសមិទ្ធផលទាំងឡាយ ដែលនាយទាហាន និងពលទាហាន គ្រប់បណ្ដាអង្គភាពទាំងអស់សម្រេចបាន ក្នុងបុព្វហេតុការពារជាតិ មាតុភូមិ និងប្រជាជន ពិសេសចំពោះវីរភាពយ៉ាងអង់អាចក្លាហាន ស្មោះត្រង់ លះបង់សាច់ស្រស់ឈាមស្រស់ និងការខិតខំប្រឹងប្រែងកសាង និងអភិវឌ្ឍគ្រប់ហេដ្ឋារចនាសម្ព័ន្ធ ធនធានសេដ្ឋកិច្ច ជូនកងទ័ព និងគ្រួសារកងទ័ពឱ្យរស់រៀនមានជីវិតល្អប្រសើរ ស្របតាមគោលរបបរបស់រាជរដ្ឋាភិបាល និងការកសាងនូវប្រព័ន្ធយុទ្ធសាស្រ្តការពារជាតិនានាជាច្រើនទៀត ដើម្បីបម្រើឱ្យក្នុងបុព្វហេតុការពារអធិបតេយ្យ បូរណភាពទឹកដី ទុកជាកេរ្ត៍ប្រវត្តិសាស្រ្ត ជូនបងប្អូនកូនក្មួយជំនាន់ក្រោយ៕ដោយ៖តារា