ACU បញ្ជូនលោក គ្រី សីហា ព្រះរាជអាជ្ញារងខេត្តពោធិ៍សាត់ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ

ចែករំលែក៖

ភ្នំពេញ ៖ ACU បញ្ជូនលោក គ្រី សីហា ព្រះរាជអាជ្ញារងខេត្តពោធិ៍សាត់ ទៅតុលាការ ដែលពាក់ព័ន្ធទទួលប្រាក់ពីមេការ Online Scam ដើម្បីដោះជនជាតិចិន និងវៀតណាម៥នាក់ នៅឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។
សូមជម្រាបជូនថា ៖ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) នៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥នេះ បានបញ្ជូនព្រះរាជអាជ្ញារងខេត្តពោធិ៍សាត់ គ្រី សីហា ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់ ដែលពាក់ព័ន្ធការយកលុយពីបទល្មើស Online Scams ហើយដោះលែងជនជាតិចិន និងវៀតណាមចំនួន៥នាក់។
សូមបញ្ជាក់ថា ៖ ACU បានសម្រេចធ្វើការឃាត់ខ្លួនព្រះរាជអាជ្ញារងខេត្តពោធិ៍សាត់ គ្រី សីហា បន្ទាប់ពីការរកឃើញភស្តុតាង និងការស្ដាប់ចម្លើយដែលមានលក្ខណៈស៊ីចង្វាក់គ្រប់គ្រាន់ ដែលលោកព្រះរាជអាជ្ញារងរូបនេះបានទទួលប្រាក់ពីមេការ Online Scam ដើម្បីដោះមនុស្ស៥ (ប្រុសចិនម្នាក់ និងស្រីវៀតណាម៤នាក់) នៅឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ជាថ្នូរនឹងការមិនធ្វើនីតិវិធីទៅលើជនទាំង៥នាក់ ដែលសមត្ថកិច្ចរកឃើញពីក្នុងប្រតិបត្តិការបង្ក្រាបអំពើឆបោកតាមអនឡាយនៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥។
លោក យ៉ិនទៀង ពុទ្ធិរិទ្ធ អនុប្រធានទី១ នៃអង្គភាពប្រឆាំងអំពើពុករលួយ ដែលដឹកនាំការស៊ើបអង្កេតនេះ បានឱ្យដឹងថា អង្គភាពប្រឆាំងអំពើពុករលួយ បានចាត់មន្ត្រីចេញទៅខេត្តពោធិ៍សាត់ភ្លាមៗនៅពេលអាធ្រាត្រថ្ងៃទី១៦ ខែកក្តដា ហើយថ្ងៃទី១៨ ខែកក្កដា ថ្នាក់ដឹកនាំជាន់ខ្ពស់ និងមន្ត្រីស៊ើបអង្កេតរបស់អង្គភាពប្រឆាំងពុកលួយ បានចុះទៅស្រាវជ្រាវប្រមូលភស្តុតាងដល់ទីកន្លែងឃុំថ្មដា។
លោក ហ៊ូ ស្ថាបនា អគ្គនាយករង នៃអគ្គនាយកដ្ឋានប្រតិបត្តិការ នៃអង្គភាពប្រឆាំងអំពើពុករលួយ ជាប្រធានក្រុមស៊ើបអង្កេតផ្ទាល់ករណីនេះ បានស្ដាប់ចម្លើយលោក គ្រី សីហា និងអ្នកពាក់ព័ន្ធមួយចំនួនទៀត រហូតដល់ឃើញ មានបន្ទុកគ្រប់គ្រាន់ទើបសុំការអនុញ្ញាតពីប្រធានអង្គភាពប្រឆាំងអំពើពុករលួយធ្វើការឃាត់ខ្លួនលោក គ្រី សីហា។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានសម្រេចផ្អាកជាបណ្តោះអាសន្ននូវមុខងារ លោក គ្រី សីហា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូង ខេត្តពោធិ៍សាត់ ដើម្បីបើកផ្លូវឱ្យក្រុមអធិការកិច្ច និងស្ថាប័នមានសមត្ថកិច្ចធ្វើការស៊ើបអង្កេតស្រាវជ្រាវ ទាក់ទងនឹងការអនុវត្តច្បាប់ដោយរំលោភបំពាន ក្នុងការដោះលែងជនល្មើសដែលត្រូវបានចាប់ខ្លួនពាក់ព័ន្ធនឹងបទល្មើស ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅក្នុងខេត្តពោធិ៍សាត់។
ការសម្រេចនេះ បានធ្វើឡើងតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ។ ចំពោះលោក គ្រី សីហា ព្រះរាជអាជ្ញារងខេត្តពោធិ៍សាត់ ទៅតុលាការ ដែលពាក់ព័ន្ធទទួលប្រាក់ពីមេការ Online Scam ដើម្បីដោះជនជាតិចិន និងវៀតណាម៥នាក់ នៅឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ខាងអធិការកិច្ចក្រសួងយុត្តិធម៌ក៏បានចុះស្រាវជ្រាវផងដែរបន្ទាប់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ឱ្យក្រសួងយុត្តិធម៌ស្រាវរឿងនេះ ហើយបើពាក់ព័ន្ធលុយកាក់ប្រគល់ឱ្យខាង ACU ៕

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print