ភ្នំពេញ : ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅវិមានសន្តិភាព ទីស្ដីការគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃសៅរ៍ ទី២៦ ខែកក្កដា ឆ្នាំ២០២៥ នេះ លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអះអាងថា កម្ពុជាបានផ្ញើលិខិតទៅកាន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) មុន និងស្នើឲ្យមានការកោះប្រជុំបន្ទាន់ ខណៈពេលដែលថៃផ្ញើទៅតាមក្រោយ ហើយមិនបានស្នើឲ្យមានការប្រជុំបន្ទាន់ទេ។ មួយវិញទៀត ការសម្របសម្រួលរបស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ីដែលបានលើកសំណើឲ្យមានកិច្ចឈប់បាញ់គ្នារវាងភាគីទាំងពីរ ក្នុងនោះកម្ពុជាបានទទួលយកសំណើនេះ រីឯភាគីថៃបានទទួលយកពីដំបូង បន្ទាប់មកបានផ្លាស់ប្ដូរជំហរមិនទទួលយកវិញ។
លោកអ្នកនាំពាក្យបានលើកឡើងថា «នៅមុនកិច្ចប្រជុំ គឺ UNSC បានចេញនូវរបាយការណ៍មួយរបស់ក្រុមប្រឹក្សា ចែកជូនទៅដល់សមាជិករបស់ UNSC ហើយនៅក្នុងរបាយការណ៍នោះ បានរំលេចនូវចំណុចមួយចំនួន ក្នុងនោះខ្ញុំសូមជម្រាបជូននូវចំណុចសំខាន់ពីរ។ ចំណុចទី១ គឺក្នុងរបាយការណ៍បានរំលេចពីចំណុចខុសគ្នារវាងកម្ពុជាជាមួយនិងថៃ ដោយបានគូសបញ្ជាក់ថា កម្ពុជាបានផ្ញើលិខិតមកកាន់ប្រធាន UNSC មុន ហើយក្នុងលិខិតនោះគឺបានស្នើសុំឲ្យមានការកោះប្រជុំជាបន្ទាន់របស់ UNSC បន្ទាប់មកទើបទទួលបានលិខិតពីភាគីថៃ។ ប៉ុន្តែនៅក្នុងលិខិតនោះ គឺភាគីថៃពុំបានស្នើសុំឲ្យមានការកោះប្រជុំបន្ទាន់របស់ UNSC ទេ»។
លោក ជុំ សុន្ទរី បានបន្តទៀតថា «ចំណុចសំខាន់ទី២ នៅក្នុងរបាយការណ៍គឺ របាយការណ៍បានលើកឡើងអំពីការសម្របសម្រួលរបស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ដោយបានគូសបញ្ជាក់ថា នាយករដ្ឋមន្ត្រីម៉ាឡេស៊ីក្នុងនាមជាប្រធានអាស៊ាន បានលើកសំណើឲ្យមានបទឈប់បាញ់គ្នារវាងភាគីទាំងពីរ ហើយកម្ពុជាបានទទួលយកសំណើនោះ។ ចំណែកភាគីថៃ របាយការណ៍បានគូសបញ្ជាក់ថា ដំបូងគឺថៃក៏បានទទួលយកសំណើឲ្យមានកិច្ចឈប់បាញ់គ្នារបស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ីដែរ ប៉ុន្តែបន្ទាប់មកថៃបានផ្លាស់ប្ដូរជំហរមិនទទួលយកវិញ»។
គួរបញ្ជាក់ថា នេះជាថ្ងៃទី៣ហើយនៃការឈ្លានពានរបស់យោធាថែមកលើអធិបតេយ្យភាពស្របច្បាប់របស់កម្ពុជា ក្រោយពីយោធាថៃបានបើកការវាយប្រហារមុនមកលើកងទ័ពកម្ពុជាដែលឈរជើងនៅប្រាសាទតាមាន់ធំនៅវេលាម៉ោង ៨:៤៦ នាទីព្រឹក ថ្ងៃព្រហស្បតិ៍ ទី២៤ ខែកក្កដា ឆ្នាំ២០២៥ ហើយកម្ពុជាបានប្រើសិទ្ធិការពារខ្លួនបាញ់តបវិញ៕
ដោយ : សិលា