ខេត្តព្រះវិហារ៖ អាជ្ញាធរជាតិព្រះវិហារ នៅថ្ងៃសៅរ៍ទី២៦ ខែកក្កដា ឆ្នាំ២០២៥នេះ មានកិត្តិយសជម្រាបជូនសាធារណជនទូទៅ មេត្តាជ្រាបថា បុគ្គលិកអាជ្ញាធរជាតិ ព្រះវិហារ ជាពលករ ភ្នាក់ងារទេសចរណ៍ កម្មករបរិស្ថាន និងសន្តិសុខសណ្តាប់ធ្នាប់ ចំនួន ៤៥ រូប បានជាប់នៅលើ ភ្នំប្រាសាទព្រះវិហារអំឡុងពេលបំពេញការងារប្រចាំថ្ងៃ ដោយសារការវាយប្រហាររបស់កងកម្លាំងប្រដាប់អាវុធថៃ ដោយប្រើប្រាស់កាំភ្លើងធំធុនធ្ងន់ និងការទម្លាក់គ្រាប់បែកដោយយន្តហោះ F-16 នៅប្រាសាទព្រះវិហារនិង បរិវេណជុំវិញ ចាប់តាំងពីម៉ោង ៩:០០ នាទីព្រឹក ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥។
កាលពីម៉ោង២២:០០នាទីយប់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ អាជ្ញាធរជាតិព្រះវិហារបានសម្របសម្រួល ជូនបុគ្គលិកទាំងអស់ធ្វើដំណើរថ្មើរជើងចុះពីលើភ្នំតាមចម្រាក់ភ្នំពេីយតាឌីរហូតមកដល់ភូមិធម្មជាតិសម្តេចតេជោ ទើបឡើងរថយន្តរៀបចំដោយអាជ្ញាធរជាតិព្រះវិហារ បន្តដំណើរមកដល់ស្នាក់ការអាជ្ញាធរជាតិព្រះវិហារប្រចាំ រមណីយដ្ឋានប្រាសាទកោះកេរវេលាម៉ោង ៦:០០នាទីព្រឹក ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ ដោយសុវត្ថិភាព បន្ទាប់ពីជាប់នៅលើភ្នំប្រាសាទព្រះវិហារ អស់រយៈពេល ៤៥ ម៉ោង។
យើងខ្ញុំជាថ្នាក់ដឹកនាំ និងមន្ត្រីអាជ្ញាធរជាតិព្រះវិហារ សូមសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាថ្នាក់ដឹកនាំ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ គ្រប់បណ្តាអង្គភាពពាក់ព័ន្ធ និងរដ្ឋបាលខេត្តព្រះវិហារគ្រប់លំដាប់ថ្នាក់ ដែលបាន យកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខ និងសម្រួលដល់ដំណើរការសង្គ្រោះបុគ្គលិកអាជ្ញាធរជាតិព្រះវិហារចាប់តាំងពី ពេលជាប់នៅលើភ្នំប្រាសាទព្រះវិហាររហូតទទួលបានសុវត្ថិភាព។
សេចក្តីដូចបានជម្រាបជូនខាងលើ សូមសាធារណជន មេត្តាជ្រាបជាព័ត៌មាន៕