សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញគោរពវិញ្ញាណក្ខន្ធសពវីរកងទ័ពពលីក្នុងសមរភូមិឈ្លានពានរបស់កងទ័ពថៃ

ចែករំលែក៖

ខេត្ត​ឧត្តរមានជ័យ៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ អមដំណើរដោយលោកទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា នាព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥ បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសពវីរកងទ័ពពលី២រូប នៃកងពលតូចថ្មើរជើងលេខ៤២ យោធភូមិភាគទី៤ ក្នុងសមរភូមិឈ្លានពានពីកងទ័ពថៃ នៅប្រាសាទតាមាន់តូច ខេត្តឧត្តរមានជ័យ។

ក្នុងវេលាដ៏សោកសៅនិងក្រៀមក្រំនេះ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន សូមចូលរួមរំលែកទុក្ខជូនដល់ក្រុមគ្រួសារនៃសព ចំពោះមរណភាពរបស់លោកអនុសេនីយ៍ទោ ក្លប រាយ និងលោក ព្រិន្ទបាលឯក ឡោក ម៉ៅ ជាកងទ័ពនៅកងពលតូចថ្មើរជើងលេខ៤២ ដែលទទួលមរណភាពក្នុងសមរភូមិមុខនៅព្រំដែនប្រាសាទតាមាន់ធំ ស្ថិតក្នុងខេត្តឧត្តរមានជ័យ។

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានចាត់ទុកការបាត់បង់លោកអនុសេនីយ៍ទោ ក្លប រាយ និង លោកព្រិន្ទបាលឯក ឡោក ម៉ៅ ថាជាការបាត់បង់នូវស្វាមី ឪពុក កូនប្រុស បងប្រុស ប្អូនប្រុសជាទីស្រឡាញ់ ប្រកបដោយព្រហ្មវិហារធម៌ចំពោះក្រុមគ្រួសារ ហើយក៏ជាការបាត់បង់នូវយោធិនស្នេហាជាតិដ៏បរិសុទ្ធ ដែលបានលះបង់អស់ពីកម្លាំងកាយចិត្ត បញ្ញាស្មារតី និងធ្វើពលិកម្មគ្រប់បែបយ៉ាងដើម្បីបុព្វហេតុ ជាតិ សាសនា ព្រះមហាក្សត្រ ជាពិសេស លោកបានរួមចំណែកយ៉ាងសកម្មនៅក្នុងកិច្ចការការពារអធិបតេយ្យភាព បូរណភាពទឹកដី ដើម្បីសេចក្តីសុខក្សេមក្សាន្តរបស់ប្រជាជនកម្ពុជា។

ក្នុងនាម សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន មានប្រសាសន៍ថា ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និងរាជរដ្ឋាភិបាល សូមដឹងគុណវីរភាព អង់អាច ក្លាហាន និងពលីរបស់យុទ្ធជនទាំងពីររូប និងជាការចងចាំមិនអាចបំភ្លេចបានចំពោះការពលីក្នុងសមរភូមិការពារបូរណភាពទឹកដី និងអធិបតយ្យភាព ក្នុងនាមកម្ពុជាជាប្រទេសតែងតែរក្សាសុខសន្តិភាព ស្ថិរភាព និងចំណងមិត្តភាពជាមួយប្រទេសជាមិត្ត។

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន មានប្រសាសន៍ទៀតថា ក្នុងពេលកម្ពុជារងការវាយប្រហារ ឈ្លានពានពីកងទ័ពថៃឥតឈប់ឈររហូតធ្វើឱ្យកងទ័ពបានបាត់បង់អាយុជីវិត ប៉ុន្តែទឹកចិត្តរបស់ប្រជាពលរដ្ឋខ្មែរគ្រប់ទិសទីបានតម្កល់ការតស៊ូរបស់កងទ័ពជួរមុខជាស្មារតីខ្មែរតែមួយ ហើយគាំទ្រជានិច្ចទាំងស្មារតី និងធនធានផ្ទាល់ខ្លួនជូនចំពោះកងទ័ពជាដរាប ដើម្បីបង្ហាញពីមនសិការស្នេហាជាតិ។

ជាចុងក្រោយ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ស្នើដល់ប្រជាពលរដ្ឋទាំងអស់ សូមចូលរួមគាំទ្រនិងជឿជាក់លើការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ដែលបានខិតខំប្រឹងប្រែងនិងការពារដាច់ខាតចំពោះបូរណភាពទឹកដី និងអាយុជីវិតប្រជាពលរដ្ឋជាជនភៀសសឹក ជម្លៀសមកពីតំបន់ប្រឈមដោយការវាយប្រហាររបស់កងទ័ពថៃ៕

...

ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print