ភ្នំពេញ ៖ ឃើញគ្រាប់បែកចង្កោមក៏នឹកឃើញបុមប៊ី ដែលអាមេរិកទម្លាក់សម័យ ១៩៧០ – ១៩៧៣ ។ ពេលធ្លាក់ដល់ដី វាបាញ់ចេញខ្សែប្រទាក់គ្នាដូចសំណាង់ពីងពាង នៅពេលដែលដើរលុកព្រៃប៉ះវាៗនឹងផ្ទុះឡើង ។ ហើយខ្សែវានេះជាប្រភេទនីឡុងល្អណាស់មិនងាយដាច់ឬផុយទេ ។ នេះជាការលើកឡើងរបស់ លោក ខៀវ កាញារីទ្ធ អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២ត៥ ។
អ្នកតំណាងរាស្ត្រកម្ពុជា ដដែលបន្តថា ៖ ដល់សម័យប៉ុលពតពេលយើងដុតព្រៃធ្វើចម្ការ ក៏ប្រទះឃើញវាដែលមិនផ្ទុះបាញ់ចេញខ្សែមកក្រៅ ។ សម័យនោះពេលខោអាវរហែកយើងគ្មានអម្បោះទេសម្រាប់អ្នកថ្មី ។ អ្នកតំណាងរាស្ត្រកម្ពុជា ថា ៖ ហេតុនេះ ទាំងគេទាំងខ្ញុំដំគ្រាប់នេះបំបែក ( វាមានគន្លាក់បំបែកចេញបាន )ដើម្បីយកអម្បោះនេះជាចេស ទុកប៉ះខោអាវ ។ មកដល់ពេលនេះ ឃើញគ្រាប់ទាំងនេះឡើងស្រៀវខ្លួន គិតថាបើពេលនោះវាផ្ទុះវិញប្រហែលអត់ បានជួបកាច្រិបទេ ! ហើយក៏នឹកដល់សៀវភៅបង ពិន យ៉ាថៃ «ជីវិតកូនថ្លៃ កូនត្រូវតែរស់ !» ៕
ដោយ ៖ សិលា