ភ្នំពេញ ៖ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិបានថ្លែងថា មកដល់ទល់ពេលនេះ សកម្មភាពឈ្លានពានរបស់ភាគីថៃមកលើទឹកដីកម្ពុជា តាំងពីម៉ោង ៥: ០០ នាទីព្រឹក ថៃបានចាប់ផ្តើមវាយប្រហារមកលើកម្ពុជា រួមមាន ៖ ចាក់ច្រែង វាលឥន្ទ្រីយ៍ តាថាវ ភ្នំខ្មោច ជាំតែ និងនិងអានសេះ ចំពោះទិសទី៣ ពុំមានសភាការណ៍អ្វីគួរឱ្យកត់សម្គាល់ឡើយ ដោយកងទ័ពកម្ពុជាបានឈរជើងការពារយ៉ាងរឹងមាំ ការពារដែនអធិបតេយ្យភាពរបស់កម្ពុជា។
លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានថ្លែងដូចនេះ ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥ នៅក្នុងសន្និសីទសារព័ត៌មានស្តីពីបច្ចុប្បន្នភាពនៃការឈ្លានពានរបស់កងទ័ពថៃមកលើទឹកដីកម្ពុជា។
នាឱកាសនោះផងដែរ លោកស្រី បានថ្លែងបន្តថា ចំពោះទិសថ្មី ដែលថៃចាប់ផ្តើមព្រលាតការឈ្លានពាន គឺនៅខេត្តពោធិ៍សាត់ ដែលភាគីថៃបានបើកការបាញ់ប្រហារមកលើកម្ពុជាមុន ដែលមកទល់ពេលនេះ ភាគីថៃនៅតែបន្តផ្លោងចូលឈ្លានពានទឹកដីកម្ពុជា ហើយចំពោះខេត្តបន្ទាយមានជ័យមិនទាន់មានការផ្ទុះអាវុធនៅឡើយទេ ប៉ុន្តែកងទ័ពថៃបានដាក់សម្ភាធ និងគម្រាមកំហែងមកលើកងកម្លាំងកម្ពុជា និងបណ្តេញចេញពីទឹកដីកម្ពុជា បើមិនចេញនឹងមានការប្រើប្រាស់អាវុធបាញ់ប្រហារមកលើកងទ័ពកម្ពុជា នេះគឺជាទង្វើរំលោភបំពានកិច្ចព្រមព្រៀងនៅឆ្នាំ ២០០០ នៅមាត្រា ៥។ ចំពោះនៅខេត្តកោះកុងវិញ មានសភាពការណ៍តានតឹង ដោយសារសកម្មភាពទន្ទ្រាន ឈ្លានពាន បង្ខិតបង្ខំនេះ ពីសំណាក់ភាគីថៃ តាមរយៈការទន្ទ្រានចល័តនាវាចូលចន្លោះកោះគុត កោះឆាង សរុបចំនួន ៨ គ្រឿង ក្នុងភូមិសាស្រ្តខេត្តកោះកុង ប៉ុន្តែកងកម្លាំងកម្ពុជារក្សាការឈរជើងតាមទីតាំងដដែល ដោយមិនមានការប្រែប្រួល ឬផ្ទុះអាវុធឡើយ៕
ដោយ ៖ សិលា