អ្នកនាំពាក្យការបរទេសកម្ពុជា៖ មានរឿង៣ សំខាន់ៗ ដែលជាសញ្ញាវិជ្ជមាន ចេញពីការគាំទ្ររបស់សហគមន៍អន្តរជាតិ

ចែករំលែក៖

ភ្នំពេញ៖ លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា​ បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានបង្ហាញបច្ចុប្បន្នភាព ថ្ងៃទី៤ នៃការបង្កសង្គ្រាមរបស់យោធាថៃ ឈ្លានពានដែនអធិបតេយ្យកម្ពុជា បានបញ្ជាក់ថា មានរឿង៣សំខាន់ៗ ដែលជាសញ្ញាវិជ្ជមានចេញពីការគាំទ្ររបស់សហគមន៍អន្តរជាតិ ដើម្បីសម្របសម្រួលជម្លោះរវាង កម្ពុជា-ថៃ ។

លោក ជុំ សុន្ទរី បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននាព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥នេះ​ថា៖ មកដល់ពេលនេះមានការកើនឡើងនូវការគាំទ្ររបស់សហគមន៍អន្តរជាតិ ចំពោះជំហរប្រកបដោយសុច្ឆន្ទៈរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលចង់ឲ្យមានការឈប់បាញ់គ្នាជាបន្ទាន់ និងដោយឥតលក្ខខណ្ឌ រវាងប្រទេសទាំងពីរ ហើយនឹងធ្វើការដោះស្រាយជម្លោះដោយសន្តិវិធីតាមការសន្ទនា និងការទូត។

ជុំវិញការកើនឡើងនូវការគាំទ្ររបស់សហគមន៍អន្តរជាតិនេះ លោក ជុំ សុន្ទរី បានបន្ថែមថា បើយើងពិនិត្យទៅលើការផ្សាយព័ត៌មានរបស់ទីភ្នាក់ងារព័ត៌មានអន្តរជាតិ កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥ម្សិលមិញនេះ ឃើញថា មានការដកស្រង់នូវការថ្លែងរបស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៉ីប្រាហ៊ីម ក្នុងនាមជាប្រធានប្តូរវេនរបស់អាស៊ាន ដែលការថ្លែងនោះ មាន ៣ចំណុច ដែលគួរឱ្យចាប់អារម្មណ៍។

លោកអ្នកនាំពាក្យរូបនេះ​ បានបញ្ជាក់ដូចនេះថា «ចំណុចបី ដែលគួរឲ្យចាប់អារម្មណ៍នោះមាន៖ (១) លោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី បានប្រកាសថា នឹងបន្តជំរុញសំណើរបស់លោកឲ្យមានការឈប់បាញ់គ្នារវាងប្រទេសទាំងពីរ, (២) លោកបានគូសបញ្ជាក់ថា កម្ពុជាបានគាំទ្រនូវសំណើរបស់លោកឱ្យមានការឈប់បាញ់គ្នានេះ ហើយលោកបានលើកឡើងថាភាគីថៃបានឯកភាពជាគោលការណ៍ (៣) លោកបានគូសបញ្ជាក់ថា លោកបានណែនាំឲ្យរដ្ឋមន្ត្រីការបរទេសរបស់ប្រទេសម៉ាឡេស៊ី ធ្វើការសម្របសម្រួលជាមួយនឹងសមភាគីកម្ពុជា និងប្រទេសថៃ ដើម្បីសម្របសម្រួលក្នុងការជំរុញសំណើរបស់លោកអំពីកិច្ចឈប់បាញ់គ្នា»។

បន្ថែមពីនេះ​ លោកអ្នកនាំពាក្យ​ បានលើកឡើងពីប​្រសាសន៍របស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ី អាន់វ៉ា អ៉ីប្រាហ៊ីម ទៀតថា បើចាំបាច់លោកនឹងធ្វើការទំនាក់ទំនងដល់ភាគីទាំងពីរដោយផ្ទាល់។ ជុំវិញសំណើរលើកិច្ចឈប់បាញ់គ្នានោះ លោកអ្នកនាំពាក្យ​ បានអះអាងថា សំណើរបស់លោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ដែលបានលើកឡើងកាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ ជាមួយនាយករដ្ឋមន្ត្រីកម្ពុជា សម្តេចនាយករដ្ឋមន្ត្រីកម្ពុជា បានឯកភាពតាមសំណើរនោះរួចទៅហើយ៕

...

ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print