ខេត្តកំពង់ចាម÷ ប្រជាកិសករជាច្រើនគ្រួសារស្ថិតនៅចំណុចចងុកោះព្រលូង ក្នុងឃុំកោះមិត្ត ស្រុកកំពង់សៀម និងប្រជាកសិករខ្លះទៀតដែលមានចំការពោត ស្ថិតនៅក្នុងឃុំកោះសូទិន ស្រុកកោះសូទិនបាននឹងកំពុងសម្រុកប្រមូលផលពោតក្រហមរបស់ពួកគាត់ទាំងយប់ទាំងថ្ងៃ ដោយចុះទៅប្រមូលផលពោតតាមរយៈទូក រួចហើយដឹកជញ្ចូនតាមមធ្យបាយផ្សេងៗឆ្ពោះទៅកាន់ផ្ទះរៀងៗខ្លួន។ ហើយការសម្រុកប្រមូលផលពោតទាំងនេះដោយសារប៉ុន្មានថ្ងៃចុងក្រោយនេះទឹកទន្លេបានសម្រុកឡើងយ៉ាងលឿន។
បើយោងតាមលោក អ៊ុម វិបុល ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាមបានបញ្ជាក់បន្ថែមថាចំពោះស្ថានភាព ទឹកទន្លេមេគង្គខេត្តកំពង់ចាម នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥នេះទឹកទន្លេបានហក់ឡើងថែមទៀតដល់កម្ពស់ ១១.៩៤ ម៉ែត្រ ធៀបថ្ងៃ ម្សិលមិញ ទឹកឡើងកម្ពស់០,៧០ម៉ែត្រ។ ដោយឡែកកម្ពស់ទឹកនាពេលនេះធៀបទៅឆ្នាំ ២០២៤ទឹកទន្លេ មានកម្ពស់ត្រឹម ១១,០៦ម៉ែត្រខណៈដែលចំណុចប្រកាសប្រុងប្រយ័ត្នមានកម្ពស់១៥,២០ម៉ែត្រ៕