វិលរកប្រក្រតី ! ខណៈកម្ពុជា-ថៃ នឹងភ្ជាប់ទំនាក់ទំនងផ្ទាល់ឡើងវិញ រវាងនាយករដ្ឋមន្ត្រី, រដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិ

ចែករំលែក៖

ភ្នំពេញ ៖ លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិបញ្ជាក់ដូច្នេះនៅក្នុងការសង្ខេបព័ត៌មានប្រចាំថ្ងៃ នៅព្រឹកថ្ងៃទី២៩ ខែកក្កដានេះ កម្ពុជា-ថៃ នឹងបន្តឡើងវិញនូវទំនាក់ទំនងដោយផ្ទាល់ រវាងនាយករដ្ឋមន្ត្រី, រដ្ឋមន្ត្រីក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ និងរដ្ឋមន្ត្រីក្រសួងការពារជាតិ។ អ្នកនាំពាក្យក្រសួងការពារជាតិ ដោយបន្ថែមទៀតថា រដ្ឋមន្ត្រីការពារជាតិនៃប្រទេសម៉ាឡេស៊ី, កម្ពុជា, និងថៃ នឹងបង្កើនយន្តការលម្អិត សម្រាប់ការអនុវត្ត ផ្ទៀងផ្ទាត់ នឹងរាយការណ៍អំពីបទឈប់បាញ់។ យន្តការនេះ នឹងដើរតួនាទីជាគ្រឹះដើម្បីសន្តិភាព និងទំនួលខុសត្រូវ ប្រកបដោយចីរភាព។ អ្នកនាំពាក្យក្រសួងការពារជាតិបន្ថែមដូច្នេះ។

សូមជម្រាបថា ក្នុងជំនួបរវាងសម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត និង លោក Phumtham Wechayachai Wechayachai នាយករដ្ឋមន្ត្រីស្តីទីថៃ លើទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី កាលពីរសៀលថ្ងៃទី២៨ ខែកក្កដា ភាគីទាំងពីរបានឯកភាពគ្នាលើលក្ខខណ្ឌ៣ចំណុច។ ចំណុចទី១ គឺបទឈប់បាញ់បន្ទាន់ ឥតលក្ខខណ្ឌ ដែលនឹងចូលជាធរមាននៅវេលានៅម៉ោង១២:០០នាទីយប់ ថ្ងៃទី២៨ខែកក្កដា។ ទី២៖ កម្ពុជា-ថៃ សម្រេចរៀបចំកិច្ចប្រជុំក្រៅផ្លូវការថ្នាក់មេបញ្ជាការយោធភូមិភាគ (ភាគីថៃ យោធាភូមិភាគទី១ និងទី២ និងភាគីកម្ពុជាយោធភូមិភាគទី៤ និងទី៥) នៅម៉ោង៧ព្រឹក ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ និងបន្តរៀបចំកិច្ចប្រជុំជាមួយបណ្តាសេនានុព័ន្ធ និងអនុព័ន្ធយោធា ដឹកនាំដោយប្រធានអាស៊ាន បើមានការឯកភាពពីភាគីទាំងពីរ។ និងចំណុចទី៣ គឺកម្ពុជា-ថៃ សម្រេចរៀបចំកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ (GBC) នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ។
ដោយឡែកសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឺទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ថ្លែងថា ៖ ជាដំបូងខ្ញុំសូមអរគុណចំពោះ ឯកឧត្តមប្រធានាធិបតី ដូណាល់ ត្រាំ ដែលបានផ្តួចផ្តើមគំនិតដ៏ប្រពៃបង្កើតឲ្យមានបទឈប់បាញ់ និងសន្តិភាពរវាង កម្ពុជា និងថៃ ដែលគំនិតនេះគឺជាសមិទ្ធផលដ៏អស្ចារ្យបានជួយសង្រ្គោះជីវិតមនុស្សយ៉ាងច្រើនទាំងនៅកម្ពុជា និងថៃ។ ហើយក៏សូមអរគុណដល់ ឯកឧត្តមនាយករដ្ឋមន្រ្តី ម៉ាឡេស៊ី អាន់វ៉ា អ៉ីប្រាហ៉ីម ដែលបានជួយរៀបចំទីកន្លែងកិច្ចប្រជុំ និងបង្កើតឲ្យមានកិច្ចព្រមព្រៀងបទឈប់បាញ់នេះ ដែលកិច្ចព្រមព្រៀងឈប់បាញ់ និងសន្តិភាពនេះ កំពុងទទួលបានលទ្ធផលល្អ និងប្រកបដោយប្រសិទ្ធភាព៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print