រូបចម្លាក់អាក្រាតកាយរបស់លោកដូណាល់ត្រាំ ត្រូវបានដាក់លក់ដេញថ្លៃដើម្បីយកប្រាក់ជួយដល់ជនភៀសនៅអាមេរិក។
ក្រុមហ៊ុនដេញថ្លៃ Julien កាលពីថ្ងៃទី៣១ ខែសីហា បានប្រកាសថា រូបចម្លាក់ខាងលើនឹងត្រូវដាក់លក់ដេញថ្លៃនៅទីក្រុងឡូសអានជឺឡេស អាមេរិក នាថ្ងៃទី២២ ខែតុលា ក្នុងតម្លៃពី១០ទៅ២០ពាន់ដុល្លារអាមេរិក។
រូបអាក្រាតកាយខាងលើ របស់លោកត្រាំ បានបង្ហាញខ្លួននៅក្នុងតំបន់រម្មណីយដ្ឋាន ទីក្រុងញ៉ូវយ៉ក និងទីក្រុង៤ផ្សេងទៀតកាលពីដើមខែសីហា ឆ្នាំ២០១៦ ។ រូបចម្លាក់ទាំងនោះរបស់លោកត្រាំ មានពោះធំជាការពិតនិងគ្មានអវយវៈភេទឡើយ។ ក្រុមអ្នកសូន្យរូបដែលមិនបញ្ចេញឈ្មោះបានធ្វើរូបភាពខាងលើឡើង។
ក្រោយមករូបចម្លាក់ទាំងនោះត្រូវបានមន្ត្រីក្នុងតំបន់ដកហូត ឬបំផ្លាញចោល ប៉ុន្តែរូបចម្លាក់នៅទីក្រុងឡូសអានជឺឡេស គឺជារូបចុងក្រោយដែលនៅសល់ ។ ក្រុមហ៊ុនដេញថ្លៃ Julien បានឲ្យដឹងថា ផលចំណេញពីការដេញថ្លៃនោះនឹងជួយដល់ជនអន្តោបវេសដែលរស់នៅអាមេរិក។
លោកដូណាល់ត្រាំ គឺជាអ្នកនយោបាយតែមួយគត់ដែលបង្ហាញខ្លួននៅក្នុងពិធីដេញថ្លៃ នាខែតុលា ឆ្នាំ២០១៦ ។ចំណែករូបលោកស្រីហ៊ីលឡារីគ្លីនតុន ដែលធ្វើឡើងដោយ Knowledge Bennett នឹងត្រូវដាក់ដេញថ្លៃនៅពេលខាងមុខផងដែរ ក្នុងតម្លៃ១៥ពាន់ដុល្លារ ៕
ប្រែសម្រួល៖ ម៉ែវ សាធី