ភ្នំពេញ៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ចេញសេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃ ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នៅព្រឹកថ្ងៃពុធ ៥កើត ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥នេះ នៅទីស្តីការគណៈរដ្ឋមន្ត្រី។
លោក ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានឱ្យដឹងថា ក្នុងរយៈពេលជិត៣ទសវត្សរ៍នេះ សន្តិភាពបានក្លាយទៅជាអត្តសញ្ញាណរបស់កម្ពុជាទៅហើយ បន្ទាប់ពីកម្ពុជារកបានសន្តិភាពពេញលេញដោយលំបាកលំបិន កាលពីថ្ងៃ២៩ធ្នូ ១៩៩៨ ដោយនយោបាយឈ្នះឈ្នះរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា។
សន្តិភាពគឺជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍប្រទេសឲ្យបានលូតលាស់ដូចសព្វថ្ងៃ។ហេតុដូច្នេះហើយ បានជារាជរដ្ឋាភិបាលកម្ពុជា ផ្ដល់តម្លៃខ្ពស់ណាស់ដល់ការថែរក្សាសុខសន្តិភាព ឲ្យទាល់តែបានទោះក្នុងតម្លៃណាក៏ដោយ ។
អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ បានបដិសេធច្រានចោលចំពោះភាគីថៃ ដែលបានធ្វើការចោទប្រកាន់មួយចំនួនថាកម្ពុជា ជាអ្នកឈ្លានពានគេ កម្ពុជាជាអ្នកបង្កជម្លោះ កម្ពុជាជាអ្នកបាញ់មុន កម្ពុជារំលោភកិច្ចព្រមព្រៀងឈប់បាញ់ ដែលយើងសម្រេច បានកាលពីថ្ងៃទី២៨ ខែកក្កដា២០២៥ នៅទីក្រុងកូឡាឡាំពួរប្រទេសម៉ាឡេ ។
ចំណែកលោក ជុំ សុន្ទរី រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឱ្យដឹងថា នៅថ្ងៃទី២៩ ខែកក្កដា២០២៥ បានចេញសេចក្ដីថ្លែងការណ៍បដិសេធការចោទប្រកាន់របស់ប្រទេសថៃ អំពីការរំលោភបំពានទៅលើបទឈប់បាញ់គ្នា ។ ក្រសួងបានគូសបញ្ជាក់ពីរាជរដ្ឋាភិបាលកម្ពុជា ថ្លែងអំណរគុណសហរដ្ឋអាមេរិក និងប្រទេសចិន សម្រាប់តួនាទី នៅក្នុងការរៀបចំ ហើយនិងគាំទ្រកិច្ចព្រមព្រៀងបទឈប់បាញ់ កាលពីថ្ងៃទី២៨ ខែកក្កដាឆ្នាំ២០២៥ ធ្វើឲ្យមានភាពធូរស្រាល រវាងកម្ពុជា និងថៃ ។
ជាមួយគ្នានេះ លោកស្រី ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងការពារជាតិ បានឱ្យដឹងថា អគ្គមេបញ្ជាការម៉ាឡេស៊ី បានបញ្ជាក់ថា នឹងបង្កើតក្រុមសង្កេតការចំនួន២ ក្រុមដែលមួយក្រុមមានអនុព័ន្ធយោធាម៉ាឡេស៊ីប្រចាំកម្ពុជាជាប្រធាន និងមួយក្រុមទៀតដែលមានអនុព័ន្ធយោធាម៉ាឡេស៊ីប្រចាំព្រះរាជាណាចក្រថៃ ជាប្រធាន ដើម្បីសង្កេតការនៅថ្ងៃនេះផងដែរ។
អ្នកនាំពាក្យក្រសួងការពារជាតិ បន្តថា កងទ័ពភាគីទាំងពីរបានគោរព និងអនុវត្តកិច្ចព្រមព្រៀងនេះ នឹងបង្កើតឲ្យមានការប្រជុំថ្នាក់ភូមិភាគប្រកបដោយជោគជ័យ។ ប្រទេសម៉ាឡេស៊ី ក្នុងតួនាទីជាប្រធានអាស៊ាន បច្ចុប្បន្នបានបញ្ជូនគណៈប្រតិភូដឹកនាំដោយអគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ីមកដល់កម្ពុជា ថ្ងៃនេះ ថ្នាក់ដឹកនាំក្រសួងការពារជាតិកម្ពុជាបានដឹកនាំបណ្ដាលអនុព័ន្ធយោធាបរទេសប្រចាំព្រះរាជាណាចក្រកម្ពុជា និងអ្នកពាក់ព័ន្ធ ដើម្បីទៅឃ្លាំមើលទាំងទីតាំង ទាំងសភាពការណ៍នៅបញ្ហាព្រំដែនកម្ពុជាថៃ ។
អ្នកនាំពាក្យក្រសួងការពារជាតិ បានលេីកឡេីងថា កិច្ចព្រមព្រៀងបទឈប់បាញ់របស់ថ្នាក់ដឹកនាំប្រទេសទាំងពីរ កាលពីថ្ងៃទី២៨ខែកក្កដាឆ្នាំ ២០២៥ នៅប្រទេសម៉ាឡេស៊ី ជាលទ្ធផលជាវិជ្ជមានមួយចំនួនដែលយើងទទួលបាន ក្រោយបទឈប់បាញ់ចូលជាធរមាន។ក្នុងនោះបានអនុវត្តនូវកិច្ចព្រមព្រៀងឈប់បាញ់ឲ្យទទួលបានជោគជ័យជាជំហានៗនិងធានាថាសង្គ្រាម និងត្រូវបិទបញ្ចប់មកវិញដោយសន្តិភាព ៕ដោយ៖តារា