ភ្នំពេញ ៖ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅវិមានសន្តិភាព ទីស្ដីការគណៈរដ្ឋមន្ត្រី នៅព្រឹក ថ្ងៃពុធ ទី៣០ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង ១១:០០នាទី លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានគូសបញ្ជាក់ថា សាច់ញាតិបង្កើតចំនួន ១រូប របស់យោធិននិងកងនគរបាលពលី របួស និងពិការ នឹងទទួលបានក្របខ័ណ្ឌបន្តពីពួកគេ។
លោកស្រីអ្នកនាំពាក្យបានលើកឡើងថា «សម្រាប់យោធិននិងនគរបាលជាតិដែលកំពុងបំពេញប្រតិបត្តិការក្នុងសមរភូមិ គ្រួសារយោធិនពលី របួស ពិការ រាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងរៀបចំនិងអនុវត្តនូវកញ្ចប់គោលនយោបាយ សម្រាប់គ្រួសារយោធិនពលី យោធិនរបួស និងពិការ សម្ដេចមហាបវរធិបតី នាយករដ្ឋមន្ត្រី បានចាត់តាំងក្រសួងការពារជាតិនិងក្រសួងស្ថាប័នពាក់ព័ន្ធសិក្សានិងរៀបចំគោលនយោបាយលើកទឹកចិត្តពិសេស សម្រាប់កងកម្លាំងប្រដាប់អាវុធ ទាំងយោធា ទាំងនគរបាល ដែលបានចូលរួមដោយផ្ទាល់ក្នុងសមរភូមិការពារបូរណភាពទឹកដីនៅពេលនេះ។»។
ជំនួសមុខឲ្យក្រសួងការពារជាតិ លោកស្រីឧត្តមសេនីយ៍ឯក បានសន្យាថា «ចំពោះយោធិននិងកងនគរបាលដែលបានពលី ឬធ្លាក់ខ្លួនពិការ មិនអាចបំពេញភារកិច្ចបន្តបាន រាជរដ្ឋាភិបាលកម្ពុជានឹងផ្ដល់ក្របខ័ណ្ឌជូនសាច់ញាតិបង្កើតរបស់គាត់ ១រូប បានចូលបម្រើប្រទេសជាតិក្នុងអង្គភាពដែលគាត់បំពេញភារកិច្ចមុនពលី ឬក៏ធ្លាក់ខ្លួនពិការ»៕
ដោយ ៖ សិលា