ភ្នំពេញ៖ ក្រោយចប់ម៉ោងសិក្សា មានសិស្សស្រីចំនួន៤នាក់នាំគ្នាជិះម៉ូតូ២គ្រឿងទៅលេងនៅចំណុចរណ្ដៅដីមួយកន្លែង ហើយពេលទៅដល់បានតោងជើងគ្នាសម្រូតខ្លួនចុះទៅក្នុងរណ្ដៅដីនោះដើម្បីវាស់ជម្រៅទឹក ។ ខណៈនោះក៏បានធ្លាក់ចូលទៅក្នុងទឹកទាំងអស់គ្នា បណ្ដាលឲ្យលង់លិចបាត់ទៅក្នុងទឹក២នាក់ ចំណែកឯ២នាក់ទៀតបានឡើងគោករួចផុតពីសេចក្ដីស្លាប់ ហើយម្ដាយអ្នកស្លាប់បានយំសោករហូតដល់សន្លប់ផងដែរ ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២និង៥៥នាទីរសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ នៅចំណុចរណ្ដៅដីស្ថិតនៅក្នុងភូមិត្រពាំងអណ្តូងសង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ក្មេងស្រីរងគ្រោះទី១,ឈ្មោះ លាភស្រីមាស អាយុ១៣ឆ្នាំ ទី២,ឈ្មោះ វ៉ាន្នី ចាន់ណា អាយុ១៣ឆ្នាំរៀនថ្នាក់ទី៦(ក) សាលាបឋមសិក្សាអូដឹម ចំណែកក្មេងស្រី២នាក់ទៀតដែលមិនស្លាប់នោះឈ្មោះថេង លីហ្សា១៤ឆ្នាំថ្នាក់ទី៧(I1) និងឈ្មោះសំរិត បញ្ជារ៉ា អាយុ១៤ឆ្នាំរៀនថ្នាក់ទី៧(H1)នៃអនុវិទ្យាល័យជម្ពូវ័ន ហើយពួកគេទាំង៤នាក់រស់នៅក្នុងភូមិអូរដឹម សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ក្មេងស្រីឈ្មោះថេង លីហ្សា បាននិយាយថា នៅមុនពេលកើេតហេតុវេលាម៉ោងជិត១១ព្រឹក ពួកគេទាំង៤នាក់បានណាត់ជួបគ្នាទិញចំណីរួចបានជិះម៉ូតូ២គ្រឿងឌុបគ្នាទៅលេងនៅកន្លែងកើតហេតុ លុះពេលទៅដល់បាននាំគ្នាតោងជើងគ្នា ទម្លាក់ខ្លួនចុះទៅក្នុងរណ្ដៅដីតាមច្រាំងថ្ម ដើម្បីវាស់ជម្រៅទឹក និងដើម្បីចុះទៅងូតលេង ។ ពេលនោះក្មេងស្រីដែលស្លាប់ស្ថិតនៅលេខរៀងទី១និងទី២ បន្ទាប់មករូបនាង លេខរៀងទី៣ និងឈ្មោះសំរិត បញ្ជារ៉ា លេខរៀងទី៤ នៅលើគេ ខណៈនោះក៏បានធ្លាក់ចូលទៅក្នុងទឹកទាំងអស់គ្នា ។
ក្មេងស្រីរូបនោះបាននិយាយបន្តថា ពេលនោះឈ្មោះសំរិត បញ្ជារ៉ា បានស្រវាឡើងគោកបានមុនគេ រួចបានរត់ទៅយកខ្សែនៅជិតនោះបោះឲ្យតោង ហើយនាងតោងឡើងបានរួច ចំណែក២នាក់ទៀតលង់លិចបាត់ទៅក្នុងទឹក ហើយក៏មានអ្នកអង្គុយជិតនោះជិះម៉ូតូទៅហៅអ្នកភូមឲ្យមកជួយដែរ ប៉ុន្តែជួយមិនបានឡើយ ។
តាមប្រភពពីកន្លែងកើតហេតុបសនឲ្យដឹងថា ក្រោយពេលកើតហេតុក្រុមគ្រួសារក្មេងស្រីដែលស្លាប់២នាក់នោះ បានចុះទៅកាន់កន្លែងនោះ ហើយស្រ្តីជាម្ដាយបានយំរហូតដួលសន្លប់ ។ ចំណែកសមត្ថកិច្ចក៏បានចុះទៅដែរ ហើយបានស្នើរសុំទៅកាន់ក្រុមអ្នកមុជទឹកកងពលតូចទ័ពពិសេសឆ័ត្រយោង៩១១ ទៅជួយរាវរកសាកសពហើយបានរកឃើញជាបន្តបន្ទាប់ រួចប្រគល់ឲ្យក្រុមគ្រួសារនាំយកទៅធ្វើបុណ្យតាមប្រពៃណី ៕ដោយ ៖ ភារ៉ា ដង្កោ