ភ្នំពេញ ៖ នាព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ ក្រសួងមុខងារសាធារណៈ និងក្រសួងសុខាភិបាល បានសហការរៀបចំពីធីប្រកាសបើក «យុទ្ធនាការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្តែងនៅតាមរចនាសម្ព័ន្ធនៃសុខាភិបាលមូលដ្ឋាន» ក្រោមសហធិបតីភាពដ៏ខ្ពង់ខ្ពស់លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងលោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅសាលាភូមិន្ទរដ្ឋបាល។
ពិធីប្រកាសនេះ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃក្រសួងមុខងារសាធារណៈ ក្រសួងសុខាភិបាល តំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តំណាងក្រសួងមហាផ្ទៃ តំណាងរដ្ឋបាលរាជធានី តំណាងរដ្ឋបាលខណ្ឌ មន្ទីរសុខាភិបាលរាជធានីភ្នំពេញ មន្ទីរមុខងារសាធារណៈរាជធានីភ្នំពេញ ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិនៃរាជធានីភ្នំពេញ ព្រមទាំងក្រុមការងារទទួលបន្ទុកធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្តែងនៅតាមរចនាសម្ព័ន្ធនៃសុខាភិបាលមូលដ្ឋាន ទាំង ១៤ខណ្ឌនៃរដ្ឋបាលរាជធានីភ្នំពេញ។
ក្នុងសុន្ទរកថាស្វាគមន៍លោកស្រី ឈី វិជ្ជរ៉ា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ បានលើកឡើងអំពីគោលបំណងនៃការធ្វើជំរឿន។ ក្នុងនោះ លោកជំទាវបានលើកឡើងថា “គោលបំណងនៃការធ្វើជំរឿនគឺដើម្បី៖
(១)កំណត់ឱ្យបានច្បាស់លាស់នូវរចនាសម្ព័ន្ធគ្រប់កម្រិត និងគ្រប់ប្រភេទនៃអង្គភាពសុខាភិបាលមូលដ្ឋាន។
(២)កំណត់ឱ្យបានច្បាស់លាស់នូវមន្ត្រីដែលបាន និងកំពុងបំពេញការងារជាក់ស្តែងនៅតាមអង្គភាពសុខាភិបាលមូលដ្ឋាន ។(៣)ធ្វើបច្ចុប្បន្នភាព និងអភិវឌ្ឍប្រព័ន្ធទិន្នន័យ តាមព័ត៌មានវិទ្យាគ្រប់គ្រងដោយក្រសួងមុខងារសាធារណៈ សម្រាប់ការគ្រប់ក្នុងរចនាសម្ព័ន្ធនៃអង្គភាពសុខាភិបាលមូលដ្ឋាន និងមន្ត្រីនៅតាមអង្គភាពសុខាភិបាលមូលដ្ឋាន ។
និង (៤)កែលម្អឱ្យកាន់តែប្រសើរនូវប្រព័ន្ធបើកផ្តល់បៀវត្សដល់មន្ត្រី ដែលកំពុងបំពេញការងារជាក់ស្តែងនៅតាមអង្គភាពសុខាភិបាលមូលដ្ឋាន។”
ជំរឿនមន្ត្រី គឺជាការពិនិត្យផ្ទៀងផ្ទាត់រចនាសម្ព័ន្ធ និងវត្តមានមន្ត្រីដែលបាន និងកំពុងបំពេញការងារជាក់ស្តែងនៅតាមរចនាសម្ព័ន្ធរបស់អង្គភាពគោលដៅនៃការធ្វើជំរឿន តាមពេលវេលាដែលបានកំណត់ទុក ដើម្បីប្រមូលទិន្នន័យជាក់លាក់។ មូលដ្ឋានគ្រឹះនៃបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រី គឺដើម្បីធ្វើយ៉ាងណាពង្រឹងសមត្ថភាពប្រព័ន្ធរដ្ឋបាលសាធារណៈរបស់កម្ពុជា ឱ្យកាន់តែខ្លាំង មានសមត្ថភាពខ្ពស់ ក្នុងលក្ខណៈប្រកួតប្រជែងជាសាកល។
លោកស្រីបានបញ្ជាក់ជូនអង្គពិធីថា យុទ្ធនាការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្តែងនៅតាមរចនាសម្ព័ន្ធនៃអង្គភាពសុខាភិបាលមូលដ្ឋាន នឹងចាប់ផ្តើមអនុវត្តមុនគេនៅក្នុងភូមិសាស្ត្រនៃរដ្ឋបាលរាជធានីភ្នំពេញ និងដំណាក់កាលបន្តអនុវត្តនៅគ្រប់ទីតាំងអង្គភាពសុខាភិបាលមូលដ្ឋានទូទាំងប្រទេស៕
ដោយ៖ សិលា