ខេត្តស្វាយរៀង: សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អ្នកតំណាងរាស្ត្រមណ្ឌលស្វាយរៀង និងប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា បានអញ្ជើញចូលរួមក្នុងពិធីបូជាសព លោកអនុសេនីយ៍ទោ តែម សុខជា ស្ថិតក្នុងភូមិទួលស្តី ឃុំទួលស្តី ស្រុកចន្ទ្រា ខេត្តស្វាយរៀង នាព្រឹក ថ្ងៃព្រហស្បតិ៍ ៦កើត ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹង ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥។
គួរំលឹកផងដែរថា លោកអនុសេនីយ៍ទោ តែម សុខជា ជាយោធិន បម្រើការងារនៅកងពលតូចលេខ៨ ចំណុះឲ្យកងពលធំអន្តរាគមន៍លេខ៣ កងទ័ពជើងគោក នៃកងយុទ្ធពលខេមរភូមិន្ទ បានពលីជីវិតនៅលើសមរភូមិប្រយុទ្ធខេត្តព្រះវិហារ កាលពីថ្ងៃសុក្រ ១៥រោច ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ ជន្មាយុ ៤៣ឆ្នាំ ។
មរណភាពរបស់ លោកអនុសេនីយ៍ទោ តែម សុខជា គឺជាការបាត់បង់នូវឧត្តមស្វាមី ឪពុក ដែលប្រកប ដោយព្រហ្មវិហារធម៌។
លោកឧត្តមសេនីយ៍ទោ បានចូលរួមប្រយុទ្ធយ៉ាងអង់អាចក្លាហាន និងស្វិតស្វាញប្រឆាំងជាមួយទ័ពឈ្លានពានថៃ បានបង្ហាញគំរូវីរភាពរបស់វីរៈយុទ្ធជន ដែលបានធ្វើឲ្យប្រជាពលរដ្ឋខ្មែរគ្រប់រូបចងចាំជានិច្ចនូវគុណូបការៈដ៏ថ្លៃថ្លានេះ។
នៅក្នុងសមានទុក្ខដ៏ក្រៀមក្រំនេះ សម្តេចកិត្តិសង្គហបណ្ឌិតក៏បានចូលរួមរំលែកទុក្ខជាមួយ លោកស្រី អូម សុផានី ព្រមទាំងក្រុមគ្រួសារ និងសូមបួងសួង ដល់តេជៈបារមីនៃព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ តាមជួយថែរក្សាដួងវិញ្ញាណក្ខន្ធរបស់ លោកអនុសេនីយ៍ទោ តែម សុខជា បានទៅសោយសុខក្នុងឋានសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕