ឧបនាយករដ្ឋមន្ត្រី​ ស៊ុន ចាន់ថុល៖​ កម្ពុជាទិញយន្តហោះ Boeing 737MAX 8 ពីអាមេរិក១០គ្រឿង ហើយខែសីហានេះ អាចនឹងចុះកិច្ចព្រមព្រៀងបញ្ជាក់ពីការទិញពិតប្រាកដ

ចែករំលែក៖

ភ្នំពេញ​៖​ លោកឧបនាយករដ្ឋមន្ត្រី​ ស៊ុន ចាន់ថុល អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលហៅកាត់ថា CDC បានបង្ហើបថា កម្ពុជាទិញយន្តហោះប្រភេទ Boeing 737MAX 8 ចំនួន១០គ្រឿងពីសហរដ្ឋអាមេរិក ហើយខែសីហា ឆ្នាំ២០២៥នេះ អាចនឹងចុះកិច្ចព្រមព្រៀងបញ្ជាក់ពីការទិញពិតប្រាកដ ប៉ុន្តែយន្តហោះដែលកម្ពុជាកុម្មង់ទិញនេះ នៅឆ្នាំ២០៣១ ទើបបានមកដល់កម្ពុជា។

លោកឧបនាយករដ្ឋមន្ត្រី​ ស៊ុន ចាន់ថុល ថ្លែងប្រាប់អ្នកសារព័ត៌មានក្នុងសន្និសីទសារព័ត៌មាន ស្តីពីលទ្ធផលនៃអត្រាពន្ធគយបដិការកម្ពុជានិងអាមេរិក នាថ្ងៃទី១ខែសីហា ឆ្នាំ២០២៥នេះថា កម្ពុជានឹងទិញយន្តហោះពីអាមេរិកចំនួន១០គ្រឿង ជាជំហានដំបូង ហើយមានសិទ្ធិទិញចំនួន១០គ្រឿងបន្ថែមទៀតក្រោយមានកិច្ចព្រមព្រៀងជាមួយសហរដ្ឋអាមេរិកនោះ។

លោកឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានបញ្ជាក់ថា «ក្រុមហ៊ុនអាកាសចរណ៍ Air Cambodia នឹងចរចាទិញ Boeing 737MAX 8 ចំនួន១០គ្រឿង ហើយមានជម្រើសអាចទិញ១០គ្រៀងថែមទៀត តែឥឡូវកំពុងចរចា ហើយសង្ឃឹមថា ខែ៨ (ខែសីហា)នេះ អាចចុះកិច្ចព្រមព្រៀងមួយបញ្ជាក់ពីការទិញ ប៉ុន្តែយន្តហោះសូមជម្រាបថា មិនងាយមកទេ ដោយសារអ្វី? គឺរោងចក្រប៊ូអ៊ីង គឺពេញទាំងអស់ ឆ្នាំ២០៣១ទើបមានយន្តហោះថ្មីនេះ។ យើងចុះកិច្ចព្រមព្រៀងឆ្នាំនេះ (២០២៥)មែន ប៉ុន្តែឆ្នាំ២០៣១ទើបយន្តហោះថ្មីនោះអាចចូលមកកម្ពុជាបាន»។

ទាក់ទងនឹងពាណិជ្ជកម្មរវាងកម្ពុជានឹងអាមេរិកវិញ ត្រូវបានឯកឧត្តមឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានឲ្យដឹងផងដែរថា អាមេរិកបានទិញទំនិញពីកម្ពុជាច្រើនជាងកម្ពុជាទិញពីអាមេរិក ប៉ុន្តែអាមេរិកគេយល់ហើយថា កម្ពុជាមិនមានថវិកាគ្រប់គ្រាន់ទិញទំនិញច្រើនដូចដែលអាមេរិកទិញពីកម្ពុជានោះឡើយ។

លោកឧបនាយករដ្ឋមន្រ្តី ស៊ុន​ ចាន់ថុល​ បានបញ្ជាក់ថា៖​ «អាមេរិកទិញទំនិញច្រើនជាងយើងទិញពីគាត់ ប៉ុន្តែសហរដ្ឋអាមេរិកលោកយល់ហើយ ដោយកម្ពុជាយើងនាំចេញទៅសហរដ្ឋអាមេរិក១២ពាន់លាន កម្ពុជាមិនមានថវិកាទិញសម្ភារៈអ្វីមកពីអាមេរិក១២ពាន់លានទេ គាត់យល់ច្បាស់ណាស់»៕

...

ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print