ភ្នំពេញ ៖ ថ្លែងនៅក្នុងការធ្វើបច្ចុប្បន្នភាពព័ត៌មាននៅទីស្ដីការគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃសៅរ៍ ទី២ ខែសីហា ឆ្នាំ២០២៥ នេះ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានលើកឡើងថា កាលពីថ្ងៃទី១ ខែសីហា ម្សិលមិញនេះ កម្ពុជាបានចេញសេចក្ដីសម្រេចបង្កើតក្រុមការងារសម្របសម្រួលជាមួយក្រុមអ្នកសង្កេតការណ៍មួយ ដែលជាការបង្ហាញពីសុឆន្ទៈនៃការអនុវត្តបទឈប់បាញ់ ដែលបានព្រមព្រៀងគ្នាកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ។
លោកស្រីអ្នកនាំពាក្យបានលើកឡើងថា «សម្រាប់ថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥ នេះ រាជរដ្ឋាភិបាលបានចេញនូវសេចក្ដីសម្រេចមួយនៃការបង្កើតក្រុមការងារសម្របសម្រួលជាមួយក្រុមអ្នកអង្កេតការណ៍មកត្រួតពិនិត្យការអនុវត្តបទឈប់បាញ់គ្នា»។
លោកស្រីបានសង្កត់ធ្ងន់ថា «នេះគឺជាការបង្ហាញអំពីឆន្ទៈច្បាស់លាស់របស់រាជរដ្ឋាភិបាលកម្ពុជា និងការត្រៀមខ្លួនរួចជាស្រេចក្នុងការបំពេញការងារមួយនេះ»។
លោកស្រី ម៉ាលី សុជាតា គូសបញ្ជាក់ថា ក្រុមការងារដែលទើបងបង្កើតថ្មីនេះ មានលោក ទៀ សីហា ជាប្រធាន លោក គង់ ភោគ និងលោក រ៉ាត់ ដារ៉ារ័ត្ន ជាអនុប្រធាន និងមានថ្នាក់ដឹកនាំមួយចំនួនទៀត ជាអគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ អគ្គស្នងការនគរបាលជាតិ និងនាយទាហានជាន់ខ្ពស់មួយចំនួនទៀត។ លោកស្រី ម៉ាលី សុជាតា «ក្នុងសេចក្ដីសម្រេចនេះមាន ៖
ទី១. លោក នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ជាប្រធាន ។
ទី២. លោក គង់ ភោគ រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាអនុប្រធាន ។
ទី៣. លោក រ៉ាត់ ដារ៉ារ័ត្ន រដ្ឋលេខាធិការក្រសួងការពារជាតិ ជាអនុប្រធាន រួមជាមួយថ្នាក់ដឹកនាំមួយចំនួនទៀត ជាអគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ អគ្គស្នងការនគរបាលជាតិ និងនាយទាហានជាន់ខ្ពស់មួយចំនួនទៀតជាថ្នាក់ដឹកនាំមកពីក្រសួងការពារជាតិផង និងមកពីអគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទជាសមាជិកផងដៃនៃក្រុមខាងលើ»។
គួរបញ្ជាក់ថា បើយោងតាមការបង្ហោះផ្សាយនៅក្នុងបណ្តាញសង្គមផ្លូវការរបស់ក្រសួងការពារជាតិ នៅយប់ថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥ បានឱ្យដឹងថា ក្រុមសង្កេតការណ៍អាស៊ាន(អន្តរកាល) ទាំង៣ប្រទេស (ម៉ាឡេស៊ី វៀតណាម ហ្វីលីពីន) បានចុះពិនិត្យតំបន់រងផលប៉ះទង្គិចប្រដាប់អាវុធរវាងយោធាកម្ពុជានិងយោធាថៃ នៅយោធភូមិភាគទី៤ ជួបជាមួយ ឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការយោធភូមិភាគទី៤ នៅភូមិសាស្រ្តទទួលខុសត្រូវ ហើយបានចែករលែកពីលទ្ធផលជំនួបរវាងមេបញ្ជាការយោធភូមិភាគទី៤ ជាមួយមេបញ្ជាការយោធភូមិភាគទី២ថៃ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ កន្លងទៅ។
សូមបញ្ជាក់ថា ៖ កាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥ ក្រុមអ្នកសង្គេតការណ៍ នៃប្រទេសសមាជិកអាស៊ាន (អន្តរកាល) បានពិនិត្យមើលទីតាំង ដែលកងទ័ពថៃប្រើយន្តហោះ F-16 ទម្លាក់គ្រាប់បែកប្រភេទ MK-84 តែមិនទាន់ផ្ទុះ ស្ថិតនៅឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ហើយបន្ទាប់មកបន្តទៅចុះពិនិត្យមើលទីតាំងជនភៀសសឹកវត្តពោធិ៍៥០០០ ព្រមទាំងភូមិសាស្ត្រមួយចំនួនក្នុងខេត្តព្រះវិហារ៕
ដោយ ៖ សិលា