ផ្ទុះភ្នំភ្លើងបញ្ចេញផេះកម្ពស់១០គីឡូម៉ែត្រ បង្កអោយមានផ្លេកបន្ទោរបំភ្លឺពេញមេឃពេលយប់របស់ឥណ្ឌូនេស៊ី

ចែករំលែក៖

ភ្នំភ្លើង Lewotobi Laki-Laki ក្នុងប្រទេសឥណ្ឌូណេស៊ី បានបញ្ចេញផេះភ្នំភ្លើងដល់កម្ពស់ 10km និងផ្លេកបន្ទោរនៃភ្នំភ្លើង ដែលបំភ្លឺមេឃពេលយប់។ យោងតាម AFP ទីភ្នាក់ងារភ្នំភ្លើងឥណ្ឌូនេស៊ីបាននិយាយថា ភ្នំភ្លើង Lewotobi Laki-Laki ដែលមានកម្ពស់ 1,584 ម៉ែត្រ បានផ្ទុះឡើងនៅម៉ោង 8:48 នាទីយប់ ថ្ងៃទី 1 ខែសីហា (ម៉ោងក្នុងតំបន់)។
ទីភ្នាក់ងារនេះបាននិយាយថា៖ «កម្ពស់នៃជួរផេះត្រូវបានគេសង្កេតឃើញថាមានដល់ទៅ ១០.០០០ ម៉ែត្រពីរណ្ដៅភ្នំភ្លើង»។ រូបភាពដែលបានចែករំលែកដោយទីភ្នាក់ងារភូគព្ភសាស្ត្រឥណ្ឌូនេស៊ីបង្ហាញពីផ្លេកបន្ទោរនៃភ្នំភ្លើងដែលលេចឡើងនៅជិតកំពូលនៃផេះ។
មិនទាន់មានរបាយការណ៍ភ្លាមៗអំពីអ្នកស្លាប់ ឬការខូចខាតក្រោយការផ្ទុះនេះទេ។ អ្នកទេសចរ និងអ្នកស្រុកត្រូវបានណែនាំឱ្យនៅឱ្យឆ្ងាយពីកាំរង្វង់ 6 គីឡូម៉ែត្រជុំវិញរណ្ដៅភ្នំភ្លើង។
យោងតាមប្រធានទីភ្នាក់ងារភូគព្ភសាស្ត្រឥណ្ឌូនេស៊ី លោក Muhammad Wafid បានឱ្យដឹងថា ការផ្ទុះនេះបង្កឡើងដោយការកើនឡើងនៃឧស្ម័នក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ។
លោកក៏បានព្រមានផងដែរអំពីហានិភ័យនៃ lahars – លំហូរនៃកំទេចកំទីភ្នំភ្លើង – ប្រសិនបើមានភ្លៀងធ្លាក់ខ្លាំងជាពិសេសនៅក្នុងសហគមន៍នៅជិតទន្លេ។
កាលពីខែមុន ភ្នំភ្លើងបានផ្ទុះឡើងដោយបានបញ្ជូនដុំផេះដ៏ធំមួយមានកម្ពស់ ១៨ គីឡូម៉ែត្រ ដោយបង្ខំឱ្យផ្អាកជើងហោះហើរចំនួន ២៤ នៅអាកាសយានដ្ឋានអន្តរជាតិកោះបាលី។ គេមិនដឹងថាតើការផ្ទុះនៅល្ងាចថ្ងៃទី១ សីហា នឹងប៉ះពាល់ដល់អាកាសចរណ៍យ៉ាងណានោះទេ ។

Lewotobi Laki-Laki មានន័យថា “បុរស” ជាភាសាឥណ្ឌូនេស៊ី គឺជាភ្នំភ្លើងគូនៃភ្នំភ្លើង Lewotobi Perempuan”ស្ត្រី”) ដែលមានកម្ពស់ 1,703m ដែលស្ងប់ស្ងាត់ជាង ។
ប្រទេសឥណ្ឌូណេស៊ីជួបប្រទះនឹងការរញ្ជួយដី និងសកម្មភាពភ្នំភ្លើងញឹកញាប់ ដោយសារតែទីតាំងរបស់វានៅលើ “Ring of Fire” នៃមហាសមុទ្រប៉ាស៊ីហ្វិក៕

...

រូបថត​: tuoitre

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print