ភ្នំពេញ ៖ ថ្លែងនៅក្នុងការធ្វើបច្ចុប្បន្នភាពព័ត៌មានស្ដីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នៅទីស្ដីការគណៈរដ្ឋមន្ត្រី នាម៉ោង ១១:០០ ព្រឹកថ្ងៃសៅរ៍ ទី២ ខែសីហា ឆ្នាំ២០២៥ នេះ លោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានលើកឡើងថា ថ្មីៗនេះមានការក្លែងបន្លំគណនីហ្វេសប៊ុកជាច្រើន ដោយក្លែងបន្លំធ្វើជាជនជាតិខ្មែរ ដាក់ឈ្មោះខ្មែរ និងសរសេរអក្សរខ្មែរ ក្នុងគោលបំណងបំបែកបំបាក់ស្មារតីសាមគ្គីរបស់ខ្មែរ។
លោកអ្នកនាំពាក្យបានលើកឡើងថា «ឥឡូវនេះមានការក្លែងបន្លំគណនីហ្វេសប៊ុកជាច្រើន ដោយគេបានប្រើឈ្មោះខ្មែរ ក៏ប៉ុន្តែអ្នកដែលបង្កើត និងអ្នកប្រើប្រាស់គណនីទាំងនោះមិនមែនជាខ្មែរទេ។ នេះជាកលល្បិចមួយទៀតដែលពួកគេប្រើប្រាស់ដើម្បីក្លែងបន្លំធ្វើជាជនជាតិខ្មែរ ដាក់ឈ្មោះខ្មែរ សរសេរអក្សរខ្មែរ តែនិយាយដើម្បីបំបែកបំបាក់ស្មារតីសាមគ្គីរបស់ខ្មែរ។ ដូច្នេះ សូមបងបងប្អូនប្រុងប្រយ័ត្ន កុំចាញ់ល្បិចកលទាំងនេះឲ្យសោះ»។
លោក ប៉ែន បូណា ក៏បានអំពាវនាវឲ្យខ្មែរគ្រប់រូបបន្តរួបរួមគ្នាដើម្បីការពារបូរណភាពទឹកដី និងសេចក្ដីថ្លៃថ្នូររបស់ជាតិផងដែរ ដោយឯកឧត្តមបានមានប្រសាសន៍ថា «ពេលនេះប្រជាពលរដ្ឋខ្មែរទាំងក្នុងនិងក្រៅប្រទេសកំពុងតែរួមសាមគ្គីគ្នាជាធ្លុងមួយ បង្កើតជាខឿនការពារបូរណភាពទឹកដីយ៉ាងរឹងមាំ និងការពារសេចក្ដីថ្លៃថ្នូររបស់ជាតិខ្មែរយើងទាំងមូល។ សូមបងប្អូនយើងបន្តថែរក្សាកម្លាំងមហាសាមគ្គីជាតិនេះឲ្យបន្តស្ថិតស្ថេរជារៀងរហូត»។
សូមជម្រាបផងដែរ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២ខែសីហានេះ បានដឹកនាំអង្គទូតចំនួន២២ប្រទេស និងអង្គការអន្តរជាតិចំនួន៤ផ្សេងទៀត ប្រចាំប្រទេសកម្ពុជា អញ្ជើញចុះទៅពិនិត្យមើលស្ថានភាពជនភៀសសឹកស្នាក់នៅមណ្ឌលសុវត្ថិភាព ក្នុងវត្តប្រាសាទបន្ទាយស្រី ឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប៕
ដោយ ៖ សិលា