សារព័ត៌មាន Reuters បានផ្សាយថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃសុក្រ ទី១ ខែសីហា បាននិយាយថារូបលោកបានបញ្ជាឱ្យចល័តនាវាមុជទឹកនុយក្លេអ៊ែរ២គ្រឿង ទៅកាន់ទីតាំងសមស្របមួយ ជាការឆ្លើយតបទៅនឹងការសម្លុតគំរាមពីអតីតប្រធានាធិបតីរុស្ស៉ី លោក Dmitry Medvedev។
លោក Medvedev កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅ បាននិយាយថាលោក ត្រាំ គួរតែចងចាំថាទីក្រុងមូស្គូកាន់កាប់សមត្ថភាពវាយប្រហារនុយក្លេអ៊ែរសល់ពីសម័យអតីតសហភាពសូវៀត ជាជម្រើសចុងក្រោយ។
ក្នុងការបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម លោក ត្រាំ បានគូសបញ្ជាក់ថា «ខ្ញុំបានចេញបញ្ជាឱ្យចល័តនាវាមុជទឹកនុយក្លេអ៊ែរ២គ្រឿងទៅឈរជើងនៅកន្លែងសមស្របមួយ បន្ទាប់ពីការធ្វើសេចក្ដីថ្លែងការណ៍បង្ករឿង»។ លោក ត្រាំ បានចាត់ទុកការអត្ថាធិប្បាយថ្មីៗរបស់លោក Medvedev គឺជាការបង្ករឿងធ្ងន់ធ្ងរ ហើយបានព្រមានថាការនិយាយមិនចេះគិតអាចនឹងនាំ ទៅរកផលវិបាកដោយអចេតនា។ តែលោកផ្ទាល់សង្ឃឹមថារឿងបែបនេះនឹងមិនកើតឡើងនោះទេ។
លោក ត្រាំ មិនបានបញ្ជាក់ឱ្យថាតើលោកបានបញ្ជាឱ្យចល័តនាវាមុជទឹកនុយក្លេអ៊ែរទាំង២គ្រឿង ខាងលើទៅកាន់ទីណាឡើយ ហើយក៏មិនបានបង្ហើបថាតើនាវាមុជទឹកទាំង២គ្រឿងនេះជាប្រភេទ នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ ឬក៏មានបំពាក់អាវុធនុយក្លេអ៊ែរដែរឬក៏យ៉ាងណានោះទេ?
ការប្រកាសពីការចល័តនាវាមុជទឹកនុយក្លេអ៊ែររបស់លោក ត្រាំ កើតឡើងមានចំពេលសង្រ្គាមពាក្យសម្ដីរវាងលោកជាមួយមេដឹកនាំរុស្ស៉ីកាន់តែឡើងកម្ដៅ បន្ទាប់ពីលោកបានទុក ពេល១០ថ្ងៃឱ្យលោក ពូទីន យល់ព្រមទទួលយកបទឈប់បាញ់ជាមួយអ៊ុយក្រែន បើពុំដូច្នោះទេទីក្រុងមូស្គូនឹងត្រូវប្រឈមនឹងពន្ធគយថ្មីរបស់សហរដ្ឋអាមេរិកការនាំចេញប្រេងរបស់រុស្ស៉ី រួមទាំង លើបណ្ដាប្រទេសណាដែលទិញប្រេងពីរុស្ស៉ី៕
រូបថត: tuoitre