រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន អញ្ជើញដឹកនាំប្រតិភូក្រសួង ចុះជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយសម្ភារចាំបាច់ជូនដល់ប្រជាជនភៀសសឹក នៅខេត្តព្រះវិហារ

ចែករំលែក៖

ខេត្តព្រះវិហារ ៖ នាថ្ងៃសៅរ៍ ទី២ ខែសីហា ឆ្នាំ២០២៥ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំប្រតិភូក្រសួង ចុះជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយសម្ភារចាំបាច់ជូនដល់ប្រជាជនភៀសសឹកនៅក្នុង ចំនួន ២៩២គ្រួសារ នៅខេត្តព្រះវិហារ ដោយមានការចូលរួមពី លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ អាជ្ញាធរមូលដ្ឋាន និងមន្រ្តីពាក់ព័ន្ធជាច្រើនរូប។

ថ្លែងនាឱកាសសំណេះសំណាល និងសួរសុខទុក្ខផ្ទាល់ជាមួយពុកម៉ែ អ៊ុំពូមីង បងប្អូន នាឱកាសនេះ លោករដ្ឋមន្រ្តី បាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងសេចក្ដីនឹករលឹកពីសំណាក់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលតែងយកចិត្តទុកដាក់ និងព្រួយបារម្ភពីសុវត្ថិភាព និងការរស់នៅរបស់ពុកម៉ែ អ៊ំពូមីង បងប្អូន ដែលកំពុងជួបទុក្ខលំបាកក្នុងគ្រាដែលត្រូវភៀសសឹក ចាកចោលពីផ្ទះសម្បែងបែបនេះ។

លោករដ្ឋមន្រ្តី បានបន្ថែមផងដែរថា ការជួបជុំនៅថ្ងៃនេះ គឺដើម្បីផ្ដល់ការគាំទ្រលើកទឹកចិត្ត និងការឧបត្ថម្ភជាសម្ភារចាំបាច់មួយចំនួនដល់ ពុកម៉ែ ពូមីង បងប្អូន ដើម្បីបង្ហាញអំពីភាពរួបរួមគ្នាជាធ្លុងមួយដ៏រឹងមាំនៃខឿនការពារជាតិរបស់កម្ពុជា និងសូមថ្លែងអំណរគុណ ព្រមទាំងកោតសរសើរដោយស្មោះចំពោះវីរភាពរបស់កងទ័ព និងគ្រប់បណ្តាកងកម្លាំងឈរជើងការពារព្រំដែនទាំងអស់ ដែលបានលះបង់យ៉ាងធំធេងទាំងសាច់ស្រស់ ឈាមស្រស់ ក្នុងបុព្វហេតុការពារទឹកដីមាតុភូមិរបស់យើង។

ជាទីបញ្ចប់លោករដ្ឋមន្រ្តី បានផ្ដាំផ្ញើទៅដល់ឱ្យពុកម៉ែ អ៊ុំពូមីង បងប្អូនមានការប្រុងប្រយ័ត្ន និងរក្សាខ្លួននៅទីតាំងសុវត្ថិភាព បើទោះជាបទឈប់បាញ់បានចូលជាធរមានក៏ដោយ ក៏រាជរដ្ឋាភិបាល និងអាជ្ញាធរខេត្តព្រះវិហារ នៅតែបន្តមើលថែពុកម៉ែបងប្អូនភៀសខ្លួនទាំងអស់ រហូតដល់ពេលមានស្ថិរភាពនៅតំបន់ព្រំដែន ដែលអាចឱ្យពុកម៉ែបងប្អូនអាចវិលត្រឡប់ទៅផ្ទះសម្បែងវិញ ហើយក៏សុំសំណូមពរឱ្យបងប្អូនភៀសសឹកកំពុងរស់នៅទីនេះ មេត្តាថែរក្សាសុខភាពជាចម្បង មានការប្រុងប្រយ័ត្នចំពោះកូនចៅតូចៗ ជៀសវាងគ្រោះថ្នាក់ផ្សេងៗ សូមឱ្យបងប្អូនសម្រាកក្នុងមុងឱ្យបានត្រឹមត្រូវ ជៀសវាងជំងឺគ្រុនឈាម ដោយសារបច្ចុប្បន្នជារដូវវស្សាមានភ្លៀងធ្លាក់ សម្បូរមូសគ្រប់ប្រភេទ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print