ភ្ញៀវទេសចរអន្តរជាតិជាង ៦០ ម៉ឺននាក់ ទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ

ចែករំលែក៖

ខេត្ត​សៀមរាប​៖​ បើយោង​តាម​របា​យ​​​ការណ៍​របស់​គ្រឹះ​​ស្ថាន​អង្គរចេញផ្សាយនៅថ្ងៃទី ០១ ខែសីហា ឆ្នាំ២០២៥​ បានបង្ហាញថា​ គិតចាប់ពីខែមករា ដល់ខែកក្កដា ឆ្នាំ ២០២៥ មានភ្ញៀវទេសចរអន្តរជាតិជាង ៦០ ម៉ឺន​នាក់​ (៦១៨ ៧៧១) បាន​ទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ មានការកើនឡើង ៥,៦៩% ដែល​នាំ​ឱ្យ​​កម្ពុជារកចំណូលបានជាង ២៨,៦ លានដុល្លារ កើនឡើង ៥,៣៩% ធៀបនឹងរយៈពេលដូចគ្នា​កាល​ពី​ឆ្នាំមុន។

បើតាមប្រធាន​សមាគមន៍​មគ្គុទ្ទេសក៏​ទេសចរ​អង្គរ​ លោក ខៀវ ធី បានបញ្ជាក់​ថា ភ្ញៀវទេសចរបរទេស​នៅ​ក្នុង​ខែឧសភា និងខែមិថុនា ធ្លាក់ចុះ និងចាប់ផ្ដើមកើនឡើង​នៅ​ដើមខែ ៧ និងខែ ៨ ប្រទេស​មួយ​​ចំនួននៅអឺរ៉ុបចាប់ផ្ដើមវិសមកាល ពោលគឺគេចាប់​ផ្ដើមដើរ​លេង។
លោក ខៀវ ធី យល់ឃើញថា ស្ថានភាពភ្ញៀវទេសចរបរទេសនៅថេរ ខណៈ តួលេខភ្ញៀវ​ទេស​ចរណ៍ នៅតែមានសន្ទុះ​កើនឡើង។

ដោយឡែក​រដ្ឋលេខាធិការក្រសួងទេសចរណ៍ លោក នី ផល្លី បានមានប្រសាសន៍ថា ក្រោយការដាក់​ចេញ​នូវគោលនយោបាយដ៏ត្រឹមត្រូវរបស់រដ្ឋាភិបាល វិស័យទេសចរណ៍បានរីកចម្រើនឡើងវិញ​គួឱ្យកត់សម្គាល់ ដែលកំណើនទេសចរណ៍​បានកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។

រដ្ឋលេខាធិការក្រសួង​ទេសចរណ៍​រូបនេះ​ បានបន្ថែមថា៖ ​«នៅក្នុងវិស័យទេសចរណ៍តាំងពីសម័យកាលកូវីដ១៩ រហូតមកដល់បច្ចុប្បន្ន យើងរៀបចំយុទ្ធសាស្ត្រមួយក្នុងការសម្របខ្លួន ដូច្នេះការរៀបចំគោលនយោបាយថ្មីៗ និងយុទ្ធសាស្ត្រ គឺត្រូវតែសម្របខ្លួនឱ្យមានភាពធន់​ឱ្យ​មានទៅនឹងការបម្រែបម្រួល ទោះបីមានកូវីដ ឬមានអីផ្សេងក្រៅពីកូវីដ ស្ថានភាពនយោបាយក្នុងតំបន់ ឬយ៉ាងណា យើងមានគោលនយោបាយមួយគឺភាពធន់ ដូច្នេះរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយច្រើន ដើម្បីពង្រឹងភាព​ធន់នៅក្នុងវិស័យទេសចរណ៍ យើងព្យាយាមប្រែក្លាយបញ្ហាប្រឈមទៅជាកាលានុវត្តភាព»។

យោងតាមក្រសួងទេសចរណ៍ កម្ពុជាទទួលស្វាគមន៍ភ្ញៀវទេសចរណ៍អន្តរជាតិជាង ៣,៣ លាន​នាក់ នៅឆមាសទី១ ឆ្នាំ ២០​២៥ កើនឡើង៦,២% ធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ ២០២៤។

កម្ពុជារំពឹងស្វាគមន៍ភ្ញៀវ​ទេចរអន្តជាតិប្រមាណ ​៧,៥ លាននាក់​នៅឆ្នាំ២០២៥ ដែលនឹងបង្កើត​ចំណូល​​ចូល​សេដ្ឋកិច្ច​​ជាង៥ពាន់លានដុល្លារ​៕

...

ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print