ភ្នំពេញ៖ អភិបាលរាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស បានបញ្ជាក់ថា ការចុះឈ្មោះបោះឆ្នោតនៅលើក នេះជាការបោះឆ្នោតដែលមានភាពត្រឹមត្រូវនិងមានតម្លាភាព ដូច្នេះហើយលោកអំពាវនាវឲ្យប្រជាពលរដ្ឋទៅចុះឈ្មោះបោះឆ្នោតឲ្យបានគ្រប់គ្នា ដើម្បីមានសិទ្ធិគ្រប់គ្រាន់ក្នុងការចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាសង្កាត់ និងចូលរួមបោះឆ្នោតសកល ដែលនឹងប្រព្រឹត្តទៅនាឆ្នាំ២០១៧ និងឆ្នាំ២០១៨ ខាងមុខនេះបានរលូន ត្រឹមត្រូវ យុត្ដិធម៏ ។
លោកអភិបាលរាជធានីភ្នំពេញ មានប្រសាសន៍លើកឡើងបែបនេះ កាលពីព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៦ ខណៈ លោកអញ្ជើញជាពលរដ្ឋគំរូ ទៅចុះឈ្មោះបោះឆ្នោតនៅទីស្នាក់ការសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
លោកអភិបាលរាជធានីបានបន្តថា ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៦នេះ ជាថ្ងៃដំបូងដែលនៅគ្រប់សង្កាត់នៅក្នុងរាជធានីភ្នំពេញចាប់ផ្តើមបើកការចុះឈ្មោះបោះឆ្នោតជាថ្មីឡើងវិញ ។ នេះជាការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោតមួយដ៏ល្អ ជាការចាប់ផ្តើមមួយដ៏ល្អ ត្រឹមត្រូវច្បាស់លាស់និងមានតម្លាភាព។
លោក ប៉ា សុជាតិវង្ស ក៏បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ដែលគ្រប់អាយុនិងមានសិទ្ធិក្នុងការបោះឆ្នោតអញ្ជើញទៅចុះឈ្មោះបោះឆ្នោតឲ្យបានគ្រប់គ្នានៅតាមសង្កាត់ដែលបងប្អូនស្នាក់នៅ ។ នេះជាសិទ្ធិនិងជាកាតព្វកិច្ចរបស់យើងជាប្រជាពលរដ្ឋទាំងអស់គ្នា ក្នុងការចូលរួមក្នុងការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាសង្កាត់នៅថ្ងៃទី០៤ មិថុនា ឆ្នាំ២០១៧ និងឈានទៅដល់ការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនៅឆ្នាំ២០១៨ ខាងមុខទៀតផង។
លោក ប៉ា សុជាតិវង្ស ក៏បានស្នើសុំឲ្យមានការសហការគ្នាឲ្យបានល្អរវាងរដ្ឋបាលសង្កាត់ អាជ្ញាធរដែនដីនិងកងកម្លាំងមានសមត្ថកិច្ច ក្នុងកិច្ចការពារឲ្យមានសណ្តាប់ធ្នាប់ សុវត្ថិភាពល្អ ប្រសើរ បង្កលក្ខណៈឲ្យការចុះឈ្មោះបោះឆ្នោតនេះប្រកបដោយភាពត្រឹមត្រូវ ។
លោកបន្តទៀតថា បើប្រៀបធៀបទៅនឹងការចុះឈ្មោះបោះឆ្នោតកាលពីសម័យ អ៊ុនតាក់ នោះឃើញថា ការចុះឈ្មោះបោះឆ្នោតលើកនេះជាការចុះឈ្មោះបោះឆ្នោតដែលមានលក្ខណៈប្រាកដប្រជាជាង ដោយកាលណោះវាជាការចាប់ផ្តើមដំបូងធ្វើឲ្យប្រជាពលរដ្ឋមួយចំនួនទៅចុះឈ្មោះបោះឆ្នោតជាច្រើនកន្លែងនិងការពិនិត្យមិនទាន់បានដិតដល់ជាដើម។ តែសម្រាប់ការចុះឈ្មោះបោះឆ្នោតលើកនេះគណៈគម្មាធិការរៀបចំការបោះឆ្នោតបានធ្វើការកែប្រែចំណុចខ្វះខាតកន្លងមកនោះអស់ហើយ មិនមានអ្វីដែលខ្វះខាតទៀតនោះទេ។
គួរបញ្ជាក់ផងដែរថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ចាប់ផ្ដើមការងាររបស់ខ្លួនក្នុងចុះឈ្មោះបោះឆ្នោតនេះចាប់ពីថ្ងៃទី០១ ខែកញ្ញា ដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅតាមសាលាឃុំ-សង្កាត់ ក្នុងម៉ោងធ្វើការ ដោយមិនគិតថ្ងៃសោរ៍ និងអាទិត្យនោះទេ៕
ដោយ៖ សំិរត
...