ភ្នំពេញ ៖ លោកស្រី ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានថ្លែង ថា កងកម្លាំងកម្ពុជា១៨រូប រហូតមកដល់ថ្ងៃទី៤សីហានេះ ភាគីថៃនៅមិនទាន់ប្រគល់មកឲ្យកម្ពុជាវិញទេ ខណៈរាជរដ្ឋាភិបាលបានកំពុងបន្តចរចាដើម្បី ធ្វើយ៉ាងណាឲ្យថៃបញ្ជូនពួកគាត់មកវិញឲ្យបានឆាប់ស្របទៅតាមច្បាប់មនុស្សធម៌អន្តរជាតិ។
ការថ្លែងបែបនេះ របស់ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ ក្នុងសន្និសីទសារព័ត៌មាន សង្ខេបអំពីលទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ លើជម្លោះប្រដាប់អាវុធនៅតំបន់ព្រំដែន នាព្រឹកថ្ងៃចន្ទ ទី ០៤ ខែសីហា ឆ្នាំ ២០២៥នេះ។
អ្នកនាំពាក្យក្រសួងការពារជាតិ បានបញ្ជាក់ ថា គិតមកដល់វេលាម៉ោង០០:០១នាទីយប់ ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៥នេះ មកដល់ម៉ោង ៦ព្រឹកនេះ សភាពការណ៍នៅខេត្តព្រះវិហារ និងឧត្តរមានជ័យ គឺមានសភាពស្ងប់ស្ងាត់ ប៉ុន្តែកងកម្លាំងយើងស្ថិតក្នុងការប្រុងប្រយ័ត្នខ្ពស់។
អ្នកនាំពាក្យក្រសួងការពារជាតិ បានគូសបញ្ជាក់ថា នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៥ ក្រុមអ្នកសង្កេតការណ៍អនុព័ន្ធយោធាអាស៊ាន (អន្តរកាល) មកពី៦ប្រទេសរួមមាន៖ ឥណ្ឌូនេស៊ី ឡាវ មីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហបុរី និងវៀតណាម ដឹកនាំដោយ វរសេនីយ៍ឯក NAZLEE BIN ABDUL RAHIM អនុព័ន្ធយោធាប្រទេសម៉ាឡេស៊ី បានចេញដំណើរពីរាជធានីភ្នំពេញហើយ ឆ្ពោះទៅខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ ដែលជាតំបន់រងផលប៉ះពាល់ នៃការប៉ះទង្គិចប្រដាប់អាវុធរវាងយោធាកម្ពុជា និងយោធាថៃ ដើម្បីពិនិត្យការអនុវត្តបទឈប់បាញ់ បេសកកម្មនេះមានរយៈពេល២សប្តាហ៍ពេញ៕