ខេត្តស្វាយរៀង៖ នារសៀលថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៦ លោក គោ ស៊ុំសារឿត រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមការងារ ចុះពិនិត្យស្ថានភាពទឹក និងការងារបង្កបង្កើនផលរបស់បងប្អូនប្រជាកសិករនៅក្នុងខេត្តស្វាយរៀង ។
លោក គឹម សាវុធ ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តស្វាយរៀង បានរាយការណ៍ជូនលោករដ្ឋលេខាធិការថា មកដល់ពេលនេះ ការអនុវត្តការងារបង្កបង្កើនផលស្រូវវស្សានៅទូទាំងខេត្តស្វាយរៀង សម្រេចបានលើផ្ទៃដីប្រមាណ ១៥៦.០០០ ហិកតា ស្មើនឹងប្រមាណ ៩៤ ភាគរយ នៃផែនការ ។ ជាទូទៅចំំពោះស្រូវវស្សានេះ មិនទាន់មានអ្វីចោទជាបញ្ហាទេ បណ្តាប្រព័ន្ធធារាសាស្ត្រនៅក្នុងខេត្ត មានទឹកគ្រប់គ្រាន់ សម្រាប់ការងារបង្កបង្កើនផល ។
នៅក្នុងឱកាសចុះពិនិត្យនោះ លោករដ្ឋលេខាធិការ បានផ្តាំផ្ញើដល់លោកប្រធានមន្ទីរ និងមន្ត្រីជំនាញ ត្រូវបន្តយកចិត្តទុកដាក់ថែរក្សាទឹកទុកឱ្យបានល្អ សម្រាប់ការងារបង្កបង្កើនផលស្រូវវស្សា ក៏ដូចជាស្រូវប្រាំង នាពេលខាងមុខ ៕
ដោយ៖ សុវណ្ណារ៉ា