ខេត្តបាត់ដំបង៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅខេត្តបាត់ដំបង ត្រូវគេមើលឃើញថា កំពុងបន្តអនុវត្តយ៉ាងក្តៅគគុក ក្រោមការអនុវត្តដាក់ចេញតាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ ទោ ស ថេត ស្នងការនគរបាលខេត្តបាត់ដំបង ។
ក្នុងរយៈពេល២ថ្ងៃចុងក្រោយនេះ នគរបាលខេត្តបាត់ដំបង បានបំបែកសំណុំរឿងគ្រឿងញៀនទ្រង់ទ្រាយធំបានសម្រេច២ករណីបន្តទៀត ។ ជនសង្ស័យ២នាក់ មុខសញ្ញាជួញដូរថ្នាំញៀនយ៉ាងសកម្ម នៅក្នុងភូមិសាស្រ្តខេត្តបាត់ដំបង បន្ថែមទៀត បានរងការបង្រ្កាបចាប់ឃាត់ខ្លួនពីកម្លាំងនគរបាលខេត្តបាត់ដំបងក្នុងបទល្មើស២ករណីផ្សេងគ្នា ខណៈដែលជនសង្ស័យកំពុងធ្វើសកម្មភាពប្រព្រឹត្តបទល្មើសគ្រឿងញៀនខុសច្បាប់ ។ ទន្ទឹមនោះ កម្លាំងនគរបាលឆែកឆេររកឃើញដកហូតបានថ្នាំញៀនជាច្រើន ដើម្បីយកមកអនុវត្តតាមផ្លូវច្បាប់ ។
ករណីទី១ កម្លាំងនគរបាលស្រុកភ្នំព្រឹក បានចេញប្រតិបត្តិការ ឃាត់ខ្លួនជនសង្ស័យគ្រឿងញៀន១នាក់ ឈ្មោះ ភ្លើយ យ៉ន ហៅយ៉ង ភេទប្រុស អាយុ ៣៤ឆ្នាំ គ្មានមុខបរពិតប្រាកដហើយជននេះ ទើបតែចេញជាពន្ធនាគារបាន៨ខែ ពាក់ព័ន្ធនិងបទល្មើសគ្រឿងញៀនផងដែរ រស់នៅភូមិអូរ ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក។សមត្ថកិច្ចបង្រ្កាប កាលពីវេលាម៉ោង២និង៣០នាទីរសៀលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិសាស្រ្ត ភូមិអូរអន្លក់ ឃុំតាសែន ស្រុកកំរៀង ខេត្តបាត់ដំបង ខណៈដែលជនង្ស័យជិះម៉ូតូរត់គេចពីការតាមចាប់របស់សមត្ថកិច្ចដែលបានដេញប្រផាប់ចាប់ប្រភីង ពីភូមិសាស្រ្តឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ។កម្លាំងនគរបាលឆែកឆេរត្រួតពិនិត្យ រកឃើញថ្នាំញៀនមេតំហ្វេតាមីនwy ចំនួន២ថង់ស្មើនិង៣៤៨គ្រាប់ ម៉ូតូ១គ្រឿង ទូរស័ព្ទ១គ្រឿង។ជនសង្ស័យឈ្មោះភ្លើយ យ៉ន ហៅយ៉ង ថែមទាំងមានដីកាតាមចាប់ខ្លួនរបស់តុលាការ ខេត្តបាត់ដំបងផងដែរ។
លោកវរសេនីយ៍ត្រី ស៊ាន សុណាល់ នាយការិយាល័យនគរបាលប្រឆាំងគ្រឿងញៀនខេត្តប្រាប់ឱ្យដឹងថា ជនសង្ស័យមានឈ្មោះ ស្វាយពៅ វេហាភេទប្រុស អាយុ២៥ឆ្នាំ មានស្រុកកំណើតនៅស្រុកបាទី ខេត្តតាកែវ បច្ចុប្បន្នរស់នៅរាជធានីភ្នំពេញ។កម្លាំងនគរបាលបង្រ្កាបជនសង្ស័យបានសម្រេចដោយអនុវត្តតាមវិធានការជំនាញ ហើយឃើញជនសង្ស័យកំពុងធ្វើសកម្មភាពបម្រុងដោះដូរថ្នាំញៀនៅចំណុចខាងលើ សមត្ថកិច្ចក៏ដេញបង្រ្កាបបានតែម្តង។
ជនស្ស័យគ្រឿងញៀទាំង២នាក់កំពុងតែស្ថិតក្នុងការសាកសួររបស់កម្លាំងនគរបាលការិយាល័យចំនាញ ដើម្បីបន្តស្វែងរកបង្រ្កាបមេខ្លោងនៅពីក្រោយខ្នងបន្ថែមទៀត។
សូមបញ្ជាក់ថា គ្រឿងញៀនត្រូវគេមើលឃើញបានក្លាយជាទីព្រួយបារម្ភ របស់ប្រជាពលរដ្ឋទូទៅ ជនដែលសេពគ្រឿងញៀនជាមនុស្ស បាត់បង់សតិ ក្លាយជាមនុស្សកាចសាហាវ អាចឈានដល់ប្រើប្រាស់អំពើហិង្សា កាប់សម្លាប់បងប្អូន ឳពុកម្តាយខ្លួនឯង និងទៅធ្វើសកម្មភាពលូចឆក់ប្លន់ រំលោភ ដែលបង្កគ្រោះថ្នាក់ដល់សង្គម ជាខ្លាំង ៕
ដោយ៖ សំ វិច្ឆិកា