ភ្នំពេញ៖ រដ្ឋបាល រាជធានីភ្នំពេញ នៅតែបន្ដទទួលថវិកាពីសប្បុរសជននានា ប្រជាពលរដ្ឋ និងមន្ត្រីរាជការ នៅរាជធានីភ្នំពេញ បានចំនួន១២៦៤លានរៀល និងជាង៣៧ម៉ឺន៥ពាន់ដុល្លារអាមេរិកព្រមទាំងសម្ភារៈគ្រឿង ឧបភោគ បរិភោគ ថ្នាំពេទ្យ សម្ភារ ផ្សេងៗ ជាច្រេីនមុខទៀត ដើម្បីយកទៅ បែងចែកជូនដល់វីរៈកងទ័ពនៅជួរមុខ និងជនភៀសសឹក ដែលសកម្មភាពនេះពិតជាបានបង្ហាញឱ្យឃើញទឹកចិត្តដ៏មុតស្រួច ពីអ្នកនៅសមរភូមិក្រោយ ប្តូរផ្តាច់ជាមួយកងទព័ជួរមុខរបស់យើង។
លោកស្រី ដោ សម្ផស្ស នាយិការរងរដ្ឋបាលរាជធានីភ្នំពេញ និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញបាន ឱ្យដឹងថា៖ គិតត្រឹម ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៥ រដ្ឋបាល រាជធានីភ្នំពេញ បាននិងកំពុងបន្តទទួល នូវការបរិច្ចាគពីសប្បុរសជននានា សរុបចំនួន ១២៦៤៤៦២៦៨៩ រៀលនិង៣៧៨.២៣៨,០០ ដុល្លារ អាមេរិកព្រមទាំងសម្ភារគ្រឿង ឧបភោគ បរិភោគ ថ្នាំ ពេទ្យ សម្ភារ ផ្សេងៗ ជាច្រេីនមុខទៀត។
លោកស្រី ដោ សម្ឆស្ស បានអរគុណចំពោះទឹកចិត្តសប្បុរសធម៌របស់បងប្អូន ប្រជាពលរដ្ឋ ក្នុងស្មារតីខ្មែរជួយជាតិ ខ្មែរ ។សំរាប់ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៥នេះ មានអភិបាលរងរាជធានីភ្នំពេញ ព្រមទាំង លោកនាយក លោកនាយករង លោកស្រីនាយិការង រដ្ឋបាលរាជធានី នៅតែបន្តរងចាំទទួលអំណោយពីសប្បុរសជន ប្រជាពលរដ្ឋនិងមន្ត្រីរាជការ រហូតដល់ម៉ោង៥.៣០នាទីល្ងាចផងដែរ ។ ចំពោះអំណោយដែលសប្បុរសជននានា យកមកផ្តល់ជូនដល់រដ្ឋបាលរាជធានីភ្នំពេញ ត្រូវបានបែងចែក និងបន្តដឹកជញ្ជូនទៅផ្សល់ជូនវីរៈកងទព័ជួរមុខ និងទៅឱ្យបងប្អូនប្រជាពលរដ្ឋជាជនភៀសសឹក នៅទីកន្លែងសុវត្ថិភាព ជាបន្តបន្ទាប់ទៅកាន់ខេត្តព្រះវិហារ និងខេត្តឧត្ដរមានជ័យផងដែរ ៕.
ដោយ សំរិត