ភ្នំពេញ ៖ ថ្លែងនៅក្នុងការធ្វើបច្ចុប្បន្នភាពព័ត៌មានស្ដីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នៅទីស្ដីការគណៈរដ្ឋមន្ត្រី នាម៉ោង ៧:០០ ព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥ នេះ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិបានធ្វើការកត់សម្គាល់ថា កិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ (General Border Committee – GBC) ដែលបានប្រព្រឹត្តទៅនៅទីក្រុងពូត្រាចាយ៉ា ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ ម្សិលមិញនេះ បានដំណើរការទៅដោយរលូនតាមកម្មវិធី បរិយាកាសនៃការពិភាក្សាប្រកបដោយការស្ថាបនា និងវិជ្ជមាន នាំមកនូវផ្លែផ្កាជាទីគាប់ចិត្ត និងឈានដល់ការសម្រេចបាននូវការឯកភាពគ្នារបស់ភាគីទាំងពីរ លើលក្ខខណ្ឌនៃបទឈប់បាញ់ និងការរៀបចំយន្តការសម្រាប់អនុវត្ត ជាជំហានដែលភាគីទាំងពីរត្រូវធ្វើ ដើម្បីឈានដល់ការរក្សាបានបទឈប់បាញ់ ដែលជាការត្រួសត្រាយផ្លូវដល់ការស្វែងរកដំណោះស្រាយដោយសន្តិវិធី ការស្តារឡើងវិញនូវប្រក្រតីភាព ជាមួយនឹងគោលដៅនាំមកវិញនូវសន្តិភាព ស្ថិរភាព កិច្ចសហប្រត្តិការ និងការអភិវឌ្ឍ សម្រាប់ប្រជាជននៃប្រទេសទាំងពីរ។
លោកស្រីអ្នកនាំពាក្យបានសង្កត់ធ្ងន់ថា ការរៀបចំឱ្យមានយន្តការ ដើម្បីតាមដានការអនុវត្តបទឈប់បាញ់រវាងភាគីទាំងពីរគឺជារឿងសំខាន់បំផុត។ លោកស្រី ម៉ាលី សុជាតា ថា ៖ «អ្វីដែលសំខាន់ជាងនេះទៅទៀត គឺការរៀបចំឱ្យមានយន្តការ ដើម្បីតាមដានការអនុវត្ត ជាមួយគ្នានោះភាគីទាំងពីរក៏បានយល់ព្រមជំរុញការរៀបចំលក្ខខណ្ឌយោង (Terms of Reference – TOR) សម្រាប់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (ASEAN Observer Team – AOT) ឱ្យបានឆាប់រហ័សបំផុត ដែលជាយន្តការតាមដានត្រួតពិនិត្យការអនុវត្តបទឈប់បាញ់»។
គួរបញ្ជាក់ថា ដូចកាគ្រោងទុក នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ កន្លងទៅ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានដឹកនាំគណៈប្រតិភូយោធាជាន់ខ្ពស់នៃកងយោធពលខេមរភូមិន្ទ អញ្ជើញទៅចូលរួមកិច្ចប្រជុំ GBC ជាមួយភាគីថៃ នៅទីក្រុងពូត្រាចាយ៉ា ប្រទេសម៉ាឡេស៊ី។
សូមបញ្ជាក់ថា ៖ នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ ពីទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានថ្លែងថា ៖ កិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (Extraordinary GBC Meeting) ដោយមានការចូលរួមសង្កេតការណ៍ពី ម៉ាឡេស៊ី សហរដ្ឋអាមេរិក និងសាធារណរដ្ឋប្រជាមានិតចិន បានដំណើរការប្រកបដោយជោគជ័យតាមការគ្រងទុក ដោយសម្រេចបានទៅលើរបៀបវារៈ៖
– ការអនុម័តលើកំណត់ហេតុ
– ការអនុម័តសេចក្តីប្រកាសព័ត៌មានរួម
ខ្ញុំសង្ឃឹមថាភាគីថៃ នឹងអនុវត្តតាមស្មារតីនៃកិច្ចប្រជុំវិសាមញ្ញនេះប្រកបដោយតម្លាភាព ស្មោះត្រង់ គោរពបទឈប់បាញ់ដើម្បីសុខសន្តិភាពរបស់កងទ័ព និងប្រជាជននៃប្រទេសទាំងពីរ។
យើងត្រូវធ្វើការរួមគ្នាដើម្បីទទួលបាននូវជំនឿទុកចិត្ត និងការវិលទៅប្រក្រតីភាពឡើងវិញ ៕
ដោយ ៖ សិលា