ខេត្តកំពង់ស្ពឺ÷ ថ្ងៃទី៧ខែសីហា ឆ្នាំ២០២៥ វេលាម៉ោង ១៤និង៣០នាទី កម្លាំងផ្នែកព្រហ្មទណ្ឌស្រុក សហការជាមួយប៉ុស្ដិសែនដី បានចុះស្រាវជ្រាវ មានគណនីយ្យតាមបណ្តាញសង្គមដោយបង្ហោះថា ប្រពន្ធតាមទាន់ប្ដីមានស្រីនៅមុខរោងចក្រ ប្ដីជាតៃកុងឡានដឹកកម្មករ- កម្មការិនីរោងចក្រស្ថិតនៅផ្លូវជាតិ៤១ រោងចក្រវេនធូរ៉ា ជ្រៃតាកួន ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នាព្រឹកម៉ោង ៦នឹង៣៥នាទី ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៥។
ក្រោយទទួលបានព័ត៌មាន សមត្ថកិច្ចបានហៅឈ្មោះកាន់ សុខអាន ភេទស្រី អាយុ៤១ឆ្នាំ ត្រូវជាប្រពន្ធ នៅភូមិព្រៃវែង ឃុំស្រែក្នុង ស្រុកជុំគីរី ខេត្តកំពត មកសួរបំភ្លឺនៅប៉ុស្ដិនគរបាលរដ្ឋបាលសែនដី។
ស្ត្រីជាភរិយាស្របច្បាប់ឲ្យដឹងថា មុនពេលកើតហេតុ នៅវេលាម៉ោង៥ ព្រឹកខ្លួនបានឱ្យប្អូនឈ្មោះញ៉េប រ៉ាក់ ភេទប្រុស អាយុ៣០ឆ្នាំនៅភូមិជាមួយគ្នា បើករថយន្ត ១គ្រឿងម៉ាកកូរ៉េ ជូនខ្លួន និងកូនស្រីឈ្មោះបឿន ស្រីតា អាយុ១៨ឆ្នាំមកមុខរោងចក្រ វេនធូរ៉ា ស្ថិតនៅភូមិវាលវង់ ឃុំសែនដី ដោយជិះតាមផ្លូវជាតិលេខ៤១ គោលបំណងមកទាលុយថ្លៃឈ្នួលកម្មករជិះរថយន្ត។ ពេលមកដល់ឃើញឈ្មោះជា វណ្ណា ហៅវណ្ណអាយុ៤៣ឆ្នាំប្ដីរបស់ខ្លួន នៅលើរថយន្តជាមួយស្រីស្នេហ៍។ ពេលនោះកូនស្រីខ្លួនបានទៅបើកទ្វារថយន្ត ភ្លាមនោះប្ដីបានស្រែកថា កុំបើកទ្វា ហើយក៏បានទាស់ពាក្យសម្ដី។ បន្ទាប់មកប្ដីនិងស្រីស្នេហ៍ បានចុះពីលើរថយន្ត មកទាញបោចសក់ខ្លួន ហើយខ្លួនក៏បានទាញបោចសក់ទៅវិញទៅមក ហើយប្ដីបានទះកំភ្លៀងនាងជាប្រពន្ធបណ្ដាយឱ្យរងរបួសស្រាល ត្រូវបានកម្មករនឹងអ្នកលក់ដូរមុខរោងចក្រជួយឃាត់បែកគ្នាអស់ទៅ។ ក្រោយពេលកើតហេតុប្ដីគេចខ្លួន។
ករណីនេះប្រពន្ធបានដាក់ពាក្យបណ្ដឹងមកសមត្ថកិច្ចឱ្យចាត់ការប្ដីរបស់ខ្លួនតាមផ្លូវច្បាប់។
នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥ វេលាម៉ោង១០:២០នាទី កម្លាំងផ្នែកព្រហ្មទណ្ឌស្រុក សហការជាមួយកម្លាំងប៉ុស្ដិសែនដី បានហៅឈ្មោះជា វណ្ណា ហៅវណ្ណ ភេទប្រុស អាយុ៤៣ឆ្នាំ មកសាកសួរ បានឆ្លើយសារភាពថា ខ្លួន ពិតជាបានវាយទៅលើប្រពន្ធពិតប្រាកដមែន។
មូលហេតុដោយសារបុរសជាប្ដីខឹងប្រពន្ធមករករឿងស្រីស្នេហ៍របស់ខ្លួន។ ករណីនេះសមត្ថកិច្ចជំនាញ កំពុងតែសាកសួរ កសាងសំណុំរឿងចាត់ការតាមនីតិវិធី៕