កម្ពុជា​ នាំចេញផ្លែទុរេនចំនួន២តោនទៅកាន់ប្រទេសចិនតាមផ្លូវអាកាសជាលើកដំបូង

ចែករំលែក៖

ភ្នំពេញ៖ ប្រទេសកម្ពុជា បានចាប់ផ្ដើមសាកល្បងនាំចេញផ្លែទុរេន ចំនួន២តោន ទៅកាន់ខេត្ដហឺណាន ប្រទេសចិន ជាលើកដំបូង តាមរយៈជើងហោះហើរ ផ្លូវអាកាស ជាមួយក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា (Ari Cambodia) ។

ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន នៅរសៀលថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥ម្សិលមិញនេះ​ លោក បួន សារៈមុនី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា ក្នុងដំណាក់កាល សាកល្បងជាលើកដំបូងនេះ មានផ្លែទុរេនចំនួន២តោន បាននាំចេញទៅកាន់ប្រទេសចិន ហើយចំនួននេះ មិនមែនជាចំនួនជាក់លាក់នោះទេ គឺវានឹងកើនឡើងជាបន្ដបន្ទាប់ តាមការបញ្ជាទិញពីភាគីចិន។

តាមរយៈការនាំចេញតាមផ្លូវអាកាសនេះ ត្រូវបានលោក បួន សារៈមុនី ជឿជាក់ថា កាន់តែរហ័ស ហើយគុណភាពកាន់តែប្រសើរ ពោលព្រោះត្រឹមតែរយៈពេលខ្ទង់៤ម៉ោងប៉ុណ្ណោះ ផ្លែធុរេនរបស់កម្ពុជា នឹងដឹកទៅដល់ប្រទេសចិន ។ តែទោះជាយ៉ាងណា ការប្រើប្រាស់ការដឹកជញ្ជូនតាមផ្លូវអាកាសនេះ ក៏មានការចំណាយខ្ពស់ជាងការដឹកជញ្ជូនតាមផ្លូវ គោក និងផ្លូវទឹកនោះដែរ ។

លោក បួន សារៈមុនី បានថ្លែងថា ការនាំចេញតាមផ្លូវអាកាស ជាលើកទីដំបូងនេះ ជាមធ្យោបាយមួយមានប្រសិទ្ធភាព ហើយចម្ងាយដឹកជញ្ជូនពីកម្ពុជាទៅចិន ប្រើរយៈពេលតែ៤ម៉ោងប៉ុណ្ណោះ ដែលផ្ដល់ជូនដល់អ្នកបរិភោគ នូវភាពស្រស់នៃផ្លែធុរេន។ លោក បានថ្លែងអំណរគុណ ដល់ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា ដែលបានជួយសម្រួល ក្នុងការដឹកជញ្ជូននេះ ហើយលោករំពឹងថា នឹងមានការនាំចេញច្រើន ជាបន្ដបន្ទាប់ទៀត ព្រោះឃើញថា ភាគីចិន បានធ្វើបញ្ជាទិញពីកម្ពុជាច្រើន ដែលអាចធ្វើឱ្យការដឹកជញ្ជូនតាមផ្លូវអាកាស មានការកើនឡើង។

សូមជម្រាបថា​ ថ្មីៗនេះ លោក Wang Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានបញ្ជាក់ថា ទុរេន ដែលជាកសិផលដែលមានគុណភាពខ្ពស់ដំបូងគេរបស់កម្ពុជាដែលត្រូវបានអនុញ្ញាតនាំចេញទៅកាន់ប្រទេសចិនក្នុងឆ្នាំ២០២៥ ដែលរដ្ឋបាលគយប្រទេសចិនបានធ្វើបច្ចុប្បន្នភាពបញ្ជីរាយនាមចម្ការ និងរោងចក្រវេចខ្ចប់សម្រាប់ការនាំចេញផ្លែឈើកម្ពុជាទៅកាន់ប្រទេសចិន ។ នេះ ជាសមិទ្ធផលថ្មីមួយទៀត នៃកិច្ចសហប្រតិបត្តិការជាក់ស្តែងចិន-កម្ពុជា ផងដែរ។

ប្រទេសកម្ពុជាមានផ្ទៃដីដាំដុះ ដំណាំទុរេនចំនួន ៥ ២៨៩ហិកតា ក្នុងនោះ ផ្ទៃដីប្រមូលផល មានចំនួន ៣ ៤០៣ ហិកតា ដែលទទួលបានបរិមាណផល ប្រមាណ ៣៦ ៦៥៦តោន នៅក្នុង១ឆ្នាំ។

...

សូមបញ្ជាក់ថា គិតមកដល់បច្ចុប្បន្ននេះ ផ្លែទុរេនស្រស់ គឺជាកសិផលទី៩ របស់កម្ពុជា ដែលត្រូវបានអនុញ្ញាតឱ្យនាំចេញដោយផ្ទាល់ ទៅកាន់ប្រទេសចិន បន្ទាប់ពីអង្ករ កន្ទក់អង្ករ ចំណិតដំឡូងមីក្រៀម គ្រាប់ពោត ផ្លែចេក ផ្លែស្វាយ ផ្លែមៀន និងម្រេច៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print