ភ្នំពេញ៖ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងការពារជាតិ កម្ពុជា បានថ្លែងបញ្ជាក់ថា រហូតមកទល់ពេលនេះគឺមានរយៈពេល១២ថ្ងៃហើយដែលកងកម្លាំងរបស់យើងនៅសេសសល់ចំនួន១៨នាក់ទៀតនោះពុំទាន់ត្រូវបានភាគីថៃដោះលែងនៅឡើយទេ ។ ខណៈដែលកម្ពុជាម្តងហើយម្តងទៀតតែងតែស្នើសុំឱ្យមានការដោះលែងស្របតាមច្បាប់មនុស្សធម៌អន្តរជាតិ និងស្របតាមការអំពាវនាវរបស់បណ្តាប្រទេសដៃគូ រួមនឹងស្ថាប័នអន្តរជាតិនានា។
ការថ្លែងបែបនេះរបស់លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា ក្នុងឱកាសធ្វើសេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃស្តីពីលទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ នាព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥ នៅទីស្តីការគណៈរដ្ឋមន្ត្រី។
លោកស្រីអ្នកនាំពាក្យរូបនេះ បានគូសបញ្ជាក់ថា ក្រសួងការពារជាតិ កងយោធពលខេមរភូមិន្ទ ព្រមទាំងសហគមន៍អន្តរជាតិ គឺតែងតែទទូចទាមទាររហូតទាល់តែខាងភាគីថៃបំពេញកាតព្វកិច្ចរបស់ខ្លួននៅក្រោមច្បាប់អន្តរជាតិ ដោយយើងមិនទុកគ្រួសាររបស់យើងណាម្នាក់ចោលសោះឡើយ ។
ហើយកម្ពុជាសូមគូសបញ្ជាក់យ៉ាងម៉ឺងម៉ាត់ និងច្បាស់លាស់បំផុតនូវការប្តេជ្ញាចិត្តឥតងាករេរបស់ខ្លួនក្នុងការអនុវត្តតាមកិច្ចព្រមព្រៀងបទឈប់បាញ់ដោយឥតលក្ខខណ្ឌ ព្រមទាំងស្មារតីនៃការឯកភាពគ្នានៅក្នុងកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការកិច្ចការព្រំដែនទូទៅ (GBC) កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៥៕ដោយ៖តារា