ប្រមុខដឹកនាំអឺរ៉ុបចេញសេចក្តីប្រកាសរួម ការការពារផលប្រយោជន៍អ៊ុយក្រែន មុនជំនួបលោក ត្រាំ-លោក ពូទីន

ចែករំលែក៖

សារព័ត៌មាន Reuters បានផ្សាយថា ប្រមុខដឹកនាំ បណ្តាប្រទេសអឺរ៉ុប បានបង្ហាញការស្វាគមន៍ចំពោះផែនការរបស់លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ដើម្បីជួបលោកប្រធានាធិបតីរុស្ស៉ី វ្ល៉ាឌីមៀ ពូទីន លើការបិទបញ្ចប់ សង្រ្គាមនៅអ៊ុយក្រែន។ តែព្រមពេលជាមួយគ្នា ពួកគេបានសង្កត់ធ្ងន់ពីភាពចាំបាច់ក្នុងការរក្សាការដាក់សម្ពាធលើទីក្រុងមូស្គូ និងការពារផលប្រយោជន៍សន្តិសុខរបស់អ៊ុយក្រែន និងអឺរ៉ុប។

លោក ត្រាំ មានគម្រោងជួបលោក ពូទីន នៅរដ្ឋ Alaska នៅថ្ងៃទី១៥ ខែសីហា ដោយនិយាយថាភាគីពាក់ព័ន្ធក្នុងនោះរួមមានប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី កំពុងខិតជិតទៅរកកិច្ចព្រមព្រៀងមួយដែលអាចដោះស្រាយសង្រ្គាមអូសបន្លាយពេល៣ឆ្នាំកន្លះមកនេះ។ សេចក្ដីលម្អិតនៃកិច្ចព្រមព្រៀងមិនទាន់ត្រូវបានប្រកាសនៅឡើយទេ ប៉ុន្តែលោក ត្រាំ បានបង្ហើបថា វាអាចនឹងតម្រូវឱ្យ អ៊ុយក្រែនបោះបង់ទឹកដីមួយចំនួនរបស់ខ្លួនទៅឱ្យរុស្ស៉ី។ លោក ហ្សេលេនស្គី បានច្រានចោលសម្បទានបែបនេះ ហើយអឺរ៉ុបយល់ថា ការធ្វើបែបនេះមានតែធ្វើឱ្យរុស្ស៉ីកាន់តែបានចិត្តប៉ុណ្ណោះ។
នៅក្នុងសេចក្ដីថ្លែងការណ៍រួមមួយ មេដឹកនាំបារាំង អ៉ីតាលី អាល្លឺម៉ង់ ប៉ូឡូញ ចក្រភពអង់គ្លេស និងហ្វាំងឡង់ ព្រមទាំងប្រធានគណៈកម្មការអឺរ៉ុប បានស្វាគមន៍កិច្ចប្រឹងប្រែងរបស់លោក ត្រាំ ខណៈសង្កត់ធ្ងន់ពីភាពចាំបាច់ក្នុងការរក្សាការដាក់សម្ពាធលើរុស្ស៉ី និងបន្តគាំទ្រអ៊ុយក្រែន។ «យើងទាំងអស់គ្នាយល់ស្របថា ដំណោះស្រាយការទូតណាមួយត្រូវតែការពារផលប្រយោជន៍សន្តិសុខរបស់អ៊ុយក្រែន និងអឺរ៉ុប… ហើយការបោះជំហានឆ្ពោះទៅរកសន្តិភាពនៅអ៊ុយក្រែនមិនអាចត្រូវបានសម្រេចឡើងដោយគ្មានការចូលរួមពីអ៊ុយក្រែននោះទេ»។ នេះបើតាមសេចក្ដីថ្លែងការណ៍រួមរបស់មេដឹកនាំអឺរ៉ុប។
វិមានក្រឹមឡាំងនាថ្ងៃសៅរ៍ ទី៩ ខែសីហា ក៏បានទទួលស្គាល់ដែរថា ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀរ ពូទីន និងសមភាគីអាមេរិក លោក ដូណាល់ ត្រាំ នឹងជួបមុខគ្នាផ្ទាល់នៅរដ្ឋ Alaska ដើម្បីបើកកិច្ចពិភាក្សានាថ្ងៃសុក្រសប្តាហ៍ក្រោយ។ បន្ថែមពីលើនេះ វិមានក្រឹមឡាំង ថែមទាំងបានអញ្ជើញលោក ត្រាំ ជាផ្លូវការ ឱ្យមកបំពេញទស្សនកិច្ចនៅប្រទេសរុស្ស៉ីផងដែរ ក្រោយជំនួបជាមួយលោក ពូទីន នៅរដ្ឋ Alaska៕ ដោយធីរីណា

...

រូបថត​: Hanoi online

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print